សារព័ត៌មាន Bloomberg កាលពីថ្ងៃអង្គារបានរាយការណ៍ថា ក្រុមហ៊ុន Apple កំពុងតែរៀបចំផែនការបញ្ចេញកុំព្យូទ័រ Mac ជំនាន់ថ្មីដែលមានតម្លៃសមរម្យក្នុងឆមាសទីមួយនៃឆ្នាំក្រោយ។ នេះជាការបោះជំហានដំបូងរបស់ Apple ចូលក្នុងទីផ្សារកុំព្យូទ័រយួរដៃតម្លៃទាប ដើម្បីទាក់ទាញអតិថិជនឲ្យងាកចេញពី Chromebooks របស់ Google និងកុំព្យូទ័រ Windows។
Mac ជំនាន់ថ្មីនេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់សិស្ស និស្សិត អាជីវកម្មខ្នាតតូច និងអ្នកប្រើប្រាស់ទូទៅដែលជាញឹកញាប់ប្រើប្រាស់សម្រាប់រុករកគេហទំព័រ ធ្វើការលើឯកសារ ឬកែសម្រួលប្រព័ន្ធផ្សព្វផ្សាយស្រាលៗ។ នេះបើតាមការបញ្ជាក់របស់ Bloomberg ដោយដកស្រង់សម្ដីអ្នកដែលដឹងច្បាស់ពីបញ្ហានេះ។
Apple ក៏មានគោលដៅចង់ចាប់យកអ្នកទិញ iPad ដែលអាចនឹងពេញចិត្តកុំព្យូទ័រយួរដៃបែបបុរាណច្រើនជាង។ របាយការណ៍បានបន្តថា ក្រុមហ៊ុនផលិត iPhone នេះមានបំណងលក់កុំព្យូទ័រយួរដៃដែលមានលេខកូដ J700 ក្នុងតម្លៃក្រោម 1,000 ដុល្លារ ដោយប្រើប្រាស់សមាសធាតុដែលមិនសូវជឿនលឿនដូចម៉ូដែលតម្លៃថ្លៃ។ បច្ចុប្បន្ន ម៉ូដែលនេះកំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តយ៉ាងសកម្មនៅ Apple និងបានចាប់ផ្ដើមផលិតដំបូងជាមួយអ្នកផ្គត់ផ្គង់នៅបរទេសហើយ។
យ៉ាងណាមិញ Apple មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពី Reuters នោះទេ។
បច្ចុប្បន្ន Mac ដែលមានតម្លៃថោកបំផុតគឺ M4 MacBook Air ដែលមានតម្លៃ 999 ដុល្លារ ហើយអាចចុះមកត្រឹម 899 ដុល្លារជាមួយនឹងការបញ្ចុះតម្លៃសម្រាប់សិស្ស។
កុំព្យូទ័រយួរដៃតម្លៃសមរម្យនេះត្រូវបានគេរំពឹងថានឹងប្រើប្រាស់ប្រព័ន្ធដំណើរការ iPhone និងអេក្រង់ LCD កម្រិតទាបដែលមានទំហំតូចជាង 13.6 អ៊ីញ ដែលជាទំហំតូចបំផុតក្នុងចំណោម Mac បច្ចុប្បន្ន។
របាយការណ៍បានបន្ថែមថា នេះជាលើកទីមួយហើយដែល Apple ប្រើប្រាស់ប្រព័ន្ធដំណើរការ iPhone ក្នុងកុំព្យូទ័រ Mac ជំនួសឲ្យបន្ទះឈីបដែលបានរចនាឡើងជាពិសេសសម្រាប់កុំព្យូទ័រ។ ការធ្វើតេស្តផ្ទៃក្នុងបានបង្ហាញថាបន្ទះឈីបស្មាតហ្វូននេះអាចដំណើរការបានល្អប្រសើរជាង M1 ដែលត្រូវបានគេប្រើប្រាស់ក្នុងកុំព្យូទ័រយួរដៃកាលពីប៉ុន្មានឆ្នាំមុន។ ក្រុមហ៊ុន Apple បានរាយការណ៍ថា ការលក់ Mac មានចំនួន 8.73 ពាន់លានដុល្លារក្នុងត្រីមាសទី 4 កន្លងទៅនេះ។
