ដាវីដ បេកហែម (David Beckham) អតីតខ្សែបម្រើបាល់ទាត់ដ៏ល្បីល្បាញរបស់អង់គ្លេស បានទទួលគោរមងារដ៏ឧត្ដុង្គឧត្ដម “Sir” ពីព្រះមហាក្សត្រ Charles ព្រមទាំងមេដាយកិត្តិយស ក្នុងពិធីដ៏ឱឡារិកមួយនៅវិមាន Windsor Castle កាលពីថ្ងៃអង្គារ។ ការផ្តល់កិត្តិយសនេះ គឺដើម្បីទទួលស្គាល់ការរួមចំណែកដ៏ធំធេងរបស់លោកអស់ជាច្រើនទសវត្សរ៍ ទាំងក្នុងវិស័យកីឡា និងកិច្ចការសប្បុរសធម៌។
អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសវ័យ 50 ឆ្នាំរូបនេះ បានទទួលកិត្តិយសនៅក្នុងដំណាក់រាជវង្ស បន្ទាប់ពីជាង 20 ឆ្នាំដែលលោកធ្លាប់ទទួលបានពានរង្វាន់ដាច់ដោយឡែកមួយពីព្រះមហាក្សត្រី ដើម្បីទទួលស្គាល់ការរួមចំណែករបស់លោកចំពោះវិស័យបាល់ទាត់។ លោក Sir David Beckham ដែលតែងតែត្រូវបានគ្រួសាររាជវង្សកោតសរសើរពេញមួយជីវិត បានស្លៀកពាក់ឈុតដ៏ប្រណិតដែលរចនាដោយភរិយារបស់លោក គឺអ្នកនាង Victoria Beckham ដែលជាអ្នករចនាម៉ូដ និងជាអតីតសមាជិកក្រុមតារាចម្រៀងប៉ុប Spice Girls ។

កើតនៅភាគខាងកើតទីក្រុងឡុងដ៍ លោក Beckham បានបង្ហាញខ្លួនលើកដំបូងក្នុងក្របខ័ណ្ឌ Premier League សម្រាប់ក្រុម Manchester United កាលពីឆ្នាំ 1995។ គាត់បានបន្តជួយក្លឹបឈ្នះពានលីគចំនួន 6 ដង, FA Cup ពីរដង និង Champions League មួយដង មុនពេលផ្លាស់ទៅលេងឱ្យ Real Madrid, LA Galaxy, AC Milan និង Paris Saint-Germain ។ លោកបានចូលនិវត្តន៍ពីអាជីពបាល់ទាត់ក្នុងឆ្នាំ 2013 បន្ទាប់ពីបានលេងឱ្យជម្រើសជាតិអង់គ្លេសចំនួន 115 ដង។
ត្រូវបានគេស្គាល់យ៉ាងច្បាស់លាស់សម្រាប់ការទាត់បាល់ហ្វ្រីឃីកដ៏អស្ចារ្យ និងសមត្ថភាពបញ្ចូនបាល់ដ៏ប៉ិនប្រសប់ លោក Beckham ក៏បានក្លាយជាអត្តពលិកដ៏ជោគជ័យបំផុតម្នាក់ក្នុងសម័យកាលរបស់លោកផងដែរ។ លោកបានធ្វើការជាមួយម៉ាកល្បីៗជាច្រើនដូចជា Adidas, Armani, H&M និង Pepsi ហើយជាទូតសុច្ឆន្ទៈរបស់អង្គការ UNICEF តាំងពីឆ្នាំ 2005 មកម្ល៉េះ។

យោងតាមបញ្ជីឈ្មោះអ្នកមានប្រចាំឆ្នាំ 2025 (Sunday Times Rich List) លោក Beckham និងភរិយារបស់លោកមានទ្រព្យសម្បត្តិសរុបប្រមាណ 500 លានផោន (ស្មើនឹង 671 លានដុល្លារ)។
