Doue និង Agyemang គ្រងតំណែងកីឡាករ-កីឡាការិនីវ័យក្មេងឆ្នើមបំផុតប្រចាំឆ្នាំ២០២៥!

Doue និង Agyemang គ្រងតំណែងកីឡាករ-កីឡាការិនីវ័យក្មេងឆ្នើមបំផុតប្រចាំឆ្នាំ២០២៥!

កីឡាករបារាំង Desire Doue និងកីឡាការិនីអង់គ្លេស Michelle Agyemang ត្រូវបានប្រកាសជាម្ចាស់ពានរង្វាន់កីឡាករវ័យក្មេងឆ្នើម (Golden Boy) និងកីឡាការិនីវ័យក្មេងឆ្នើម (Golden Girl) ប្រចាំឆ្នាំ២០២៥ នៅអឺរ៉ុប។

ខ្សែប្រយុទ្ធបារាំងវ័យ ២០ ឆ្នាំ Doue បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយក្រុម Paris Saint-Germain លើកពានរង្វាន់ធំៗចំនួន ៣ កាលពីរដូវកាលមុន រួមទាំងពានរង្វាន់ Champions League ជាប្រវត្តិសាស្ត្រលើកដំបូងរបស់ក្លឹបផងដែរ។ ក្នុងចំណោម ៦១ ប្រកួត កីឡាកររូបនេះបានស៊ុតបញ្ចូលទី ១៦ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ១៦ ដង ដោយក្នុងនោះមានការស៊ុតបញ្ចូលទី ២ គ្រាប់ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ដែល PSG បានយកឈ្នះ Inter Milan។

ដោយឡែក កីឡាការិនី Agyemang ខ្សែប្រយុទ្ធអង់គ្លេសវ័យក្មេងរបស់ក្លឹប Brighton (ខ្ចីជើងពី Arsenal) ក៏បានរួមចំណែកយ៉ាងធំធេងដោយស៊ុតបាន ២ គ្រាប់ដ៏សំខាន់ ជួយក្រុមជម្រើសជាតិនារីអង់គ្លេសឈ្នះពានរង្វាន់ជើងឯកទ្វីបអឺរ៉ុបឆ្នាំ២០២៥ និងត្រូវបានតែងតាំងជាកីឡាការិនីវ័យក្មេងល្អបំផុតប្រចាំការប្រកួតនោះទៀតផង។ កីឡាការិនីវ័យ ១៩ ឆ្នាំរូបនេះបានបង្ហាញខ្លួនជាជម្រើសដំបូង ៥ ប្រកួត ក្នុងក្របខ័ណ្ឌ WSL ឱ្យ Brighton រដូវកាលនេះ ប៉ុន្តែជាអកុសល នាងត្រូវបានគេរំពឹងថានឹងអវត្តមានពេញមួយយុទ្ធនាការដែលនៅសល់ បន្ទាប់ពីទទួលរងរបួសសរសៃពួរជង្គង់ផ្នែកខាងមុខ។

ការប្រកាសពីអ្នកឈ្នះពានរង្វាន់ទាំងពីរនេះ ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ ខណៈពិធីប្រគល់ពានរង្វាន់ផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី ១ ខែធ្នូ។ ពានរង្វាន់ Golden Boy និង Golden Girl ត្រូវបានបង្កើតឡើងដោយកាសែតអ៊ីតាលី Tuttosport និងសម្រេចដោយការបោះឆ្នោតពីអ្នកកាសែតកីឡាចំនួន ៥០ នាក់ទូទាំងទ្វីបអឺរ៉ុប។ ពានទាំងនេះត្រូវបានប្រគល់ជូនកីឡាករបាល់ទាត់ឆ្នើមក្រោមអាយុ ២១ ឆ្នាំជារៀងរាល់ឆ្នាំ ហើយកាលពីឆ្នាំមុន ខ្សែប្រយុទ្ធ Lamine Yamal របស់ Barcelona ជាម្ចាស់ពាន Golden Boy។

administrator

Related Articles