ខ្សែប្រយុទ្ធដ៏លេចធ្លោ Erling Haaland បានបង្ហាញការបន្ទាបខ្លួនយ៉ាងខ្លាំង ចំពោះការប្រៀបធៀបរូបគេទៅនឹងកំពូលតារាបាល់ទាត់ពិភពលោក Lionel Messi និង Cristiano Ronaldo ដោយបានអះអាងថា “គ្មាននរណាម្នាក់” អាចតាមទាន់កំណត់ត្រាដ៏អស្ចារ្យនៃការស៊ុតបញ្ចូលទីរបស់ពួកគេបានឡើយ។
កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីបាន ២៦ គ្រាប់ក្នុងការប្រកួតទាំងអស់សម្រាប់ក្លិប Manchester City និងក្រុមជម្រើសជាតិ Norway កាលពីដើមខែវិច្ឆិកា ដែលធ្វើឲ្យចំនួនគ្រាប់បាល់សរុបក្នុងអាជីពរបស់គេ កើនឡើងដល់ ៣២៧ គ្រាប់។ ទោះជាយ៉ាងណា Haaland នៅតែស្ថិតនៅផ្លូវឆ្ងាយពីស្នាដៃដ៏មហិមារបស់កំពូលកីឡាករទាំងពីរនេះ។

វីរបុរសបាល់ទាត់អាហ្សង់ទីន Messi ដែលបច្ចុប្បន្នមានអាយុ ៣៨ ឆ្នាំ បានស៊ុតបញ្ចូលទីសរុបចំនួន ៨៩២ គ្រាប់ ខណៈដែលកីឡាករសញ្ជាតិព័រទុយហ្គាល់ Ronaldo អាយុ ៤០ ឆ្នាំ រកបាន ៩៥២ គ្រាប់រួចទៅហើយ ហើយកំពុងកំណត់គោលដៅ ១,០០០ គ្រាប់ ក្នុងអាជីពដ៏រុងរឿងរបស់គាត់។
ខ្សែប្រយុទ្ធរបស់ក្លិប Man City រូបនេះ បានស៊ុតបញ្ចូលទីបាន ៥៦ គ្រាប់ក្នុងរដូវកាល ២០២២-២៣ ដែលជារដូវកាលដំបូងរបស់គេនៅក្លិបបន្ទាប់ពីផ្លាស់ចេញពី Borussia Dortmund ហើយនេះជាយុទ្ធនាការដ៏ជោគជ័យបំផុតរបស់គេរហូតមកដល់បច្ចុប្បន្ន។
Haaland ក៏បានស៊ុតបញ្ចូលទីបាន ៥៣ គ្រាប់ក្នុងការប្រកួត Champions League ត្រឹមតែ ៥១ ប្រកួតប៉ុណ្ណោះ ហើយគេក៏បានឈ្នះពានរង្វាន់ធំនៅអឺរ៉ុបក្នុងរដូវកាលដំបូងជាមួយ City ដោយបានជួយក្រុមឲ្យបញ្ចប់រដូវកាលជាមួយពានបី រួមមាន Premier League, FA Cup និង Champions League ផងដែរ។
