កំពង់ស្ពឺ៖ អំណាចសមត្ថកិច្ចមិនដែលបន្ធូរដៃ! កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការយ៉ាងក្ដៅគគុក ឈានទៅដល់ការបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង និងឃាត់ខ្លួនជនជាតិចិន និងខ្មែរចំនួន ២២នាក់។ ការចុះបង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពីការស្រាវជ្រាវយ៉ាងល្អិតល្អន់ ដើម្បីលុបបំបាត់អំពើល្មើសច្បាប់ក្នុងសង្គម។


ក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល បានធ្វើការឆ្មក់ចូលទីតាំងលេងបៀរខុសច្បាប់ខាងលើ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងប្រតិបត្តិការនេះ ក្រុមអ្នកលេងល្បែងចំនួន ២២នាក់ត្រូវបានឃាត់ខ្លួនភ្លាមៗ ក្នុងនោះមានស្រី្ត ១២នាក់ និងជនជាតិចិន ៧នាក់ (ស្រីម្នាក់)។



ជាលទ្ធផលនៃការបង្ក្រាប សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន តុសម្រាប់លេងបៀចំនួន ៣, កៅអី ២០, កាក់ដូរលុយ ២៣០ កាក់, ទូរស័ព្ទដៃ ២០ គ្រឿង, បៀ ២ កេស ស្មើនឹង ៣៣៦ ហ៊ូរ, រថយន្ត ១ គ្រឿង, ម៉ូតូ ៤ គ្រឿង និងសម្ភារ លុយមួយចំនួនទៀត។ វត្ថុតាងទាំងនេះ គឺជាភស្តុតាងដ៏រឹងមាំក្នុងការចោទប្រកាន់។



បច្ចុប្បន្ន ជនសង្ស័យទាំង ២២នាក់ ព្រមទាំងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការតាមច្បាប់។



