វិនិយោគិនសិង្ហបុរីកាន់តែច្រើនឡើងៗ ទាំងអ្នកទិញឯកជន និងក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ កំពុងតែបោះទុនយ៉ាងសន្ធឹកសន្ធាប់ទៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសជប៉ុន។ ការទាក់ទាញសំខាន់ៗរួមមានការធ្លាក់ចុះថ្លៃប្រាក់យ៉េន និងកំណើនដ៏គួរឱ្យកត់សម្គាល់នៃវិស័យទេសចរណ៍។
យោងតាមសារព័ត៌មាន Channel News Asia បានឱ្យដឹងថា នៅក្រុមហ៊ុនវិនិយោគអចលនទ្រព្យ FM Investment វិនិយោគិនសិង្ហបុរីមានចំនួនប្រមាណពាក់កណ្តាលនៃការធ្វើប្រតិបត្តិការសរុបទាំងអស់ ដែលកើនឡើងពី 30% កាលពីឆ្នាំមុន ហើយបានវ៉ាដាច់វិនិយោគិនហុងកុង ក្លាយជាក្រុមអតិថិជនធំជាងគេបង្អស់។
ក្រុមហ៊ុននេះដែលធ្លាប់រៀបចំព្រឹត្តិការណ៍លក់អចលនទ្រព្យជប៉ុននៅប្រទេសសិង្ហបុរីរៀងរាល់ពីរបីខែម្តង ឥឡូវនេះបានរៀបចំកម្មវិធីលក់យ៉ាងហោចណាស់ 15 លើករួចមកហើយ សម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន 12 នៅទីក្រុងតូក្យូ អូសាកា ណាហ្គោយ៉ា និងក្យូតូ។
នៅក្នុងពិព័រណ៍អចលនទ្រព្យជប៉ុនលើកដំបូងរបស់ក្រុមហ៊ុន OrangeTee កាលពីខែកញ្ញា ខុនដូដែលមានបន្ទប់គេងពីរនៅសង្កាត់ Asakusa ទីក្រុងតូក្យូ មានតម្លៃក្រោម 500,000 ដុល្លារសិង្ហបុរី (ប្រមាណ 384,000 ដុល្លារអាមេរិក)។
កាលពីខែកក្កដា វិនិយោគិនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានទិញពាក់កណ្តាលនៃយូនីតចំនួន 60 នៅទីក្រុងអូសាកា ដែលលក់ដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Singapore។
ការទិញក្នុងទម្រង់សាជីវកម្មក៏មានច្រើនដែរ ដោយក្រុមហ៊ុន Patience Capital Group កាលពីដើមឆ្នាំនេះបានសហការជាមួយក្រុមហ៊ុន Gaw Capital របស់ហុងកុង ដើម្បីទិញ Tokyu Plaza Ginza នៅទីក្រុងតូក្យូ ហើយបានរៃអង្គាសប្រាក់បាន 39 ពាន់លានយ៉េន (ប្រមាណ 252.3 លានដុល្លារអាមេរិក) សម្រាប់មូលនិធិទេសចរណ៍ ដើម្បីស្តារទីក្រុងជិះស្គីដូចជា Myoko និង Madarao ឡើងវិញ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អចលនទ្រព្យរបស់ជប៉ុនបាននិងកំពុងទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីប្រជាជនសិង្ហបុរី ក៏ដូចជាបណ្តាប្រទេសដទៃទៀតដូចជាអូស្ត្រាលី និងកាណាដាផងដែរ។
ការបន្តធ្លាក់ថ្លៃនៃប្រាក់យ៉េនបានធ្វើឱ្យតម្លៃអចលនទ្រព្យកាន់តែមានតម្លៃសមរម្យ។ បច្ចុប្បន្ន ប្រាក់ 1 ដុល្លារសិង្ហបុរី អាចផ្លាស់ប្តូរបានប្រហែល 118.35 យ៉េន ដែលមានន័យថា ប្រាក់យ៉េនបានធ្លាក់ចុះប្រហែល 17% ធៀបនឹងប្រាក់ដុល្លារសិង្ហបុរីក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ។
អ្នកទិញជនជាតិសិង្ហបុរីភាគច្រើនផ្តោតលើអចលនទ្រព្យសម្រាប់វិនិយោគ ជាពិសេសការជួលរយៈពេលខ្លី ដែលទទួលបានអត្ថប្រយោជន៍ពីកំណើនទេសចរណ៍ដ៏ខ្លាំងក្លា។ ចាប់ពីខែមករាដល់ខែកញ្ញា ប្រទេសជប៉ុនបានទទួលភ្ញៀវបរទេសចំនួន 31.65 លាននាក់ កើនឡើង 17.7% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2024។
