ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍កោតសរសើរ និងលើកឡើងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលកំពុងប្រព្រឹត្តទៅយ៉ាងអធិកអធមក្នុងទឹកដីអង្គរ ខេត្តសៀមរាប ពិតជាបាននាំមកនូវភាពសប្បាយរីករាយយ៉ាងគគ្រឹកគគ្រេង ក៏ដូចជាបរិយាកាសដ៏រស់រវើកដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់សិបម៉ឺននាក់ផងដែរ។

ពេញមួយថ្ងៃ នៅតាមដងស្ទឹងសៀមរាប បានក្លាយជាទីប្រមូលផ្តុំនៃមហាជនរាប់ម៉ឺននាក់ ដែលបានមកជួបជុំគ្នា ដើម្បីទស្សនាការប្រណាំងទូកងដ៏ជក់ចិត្ត។ ក្រុមចំណុះទូកនីមួយៗ បានបង្ហាញពីស្មារតីសាមគ្គីភាព និងកម្លាំងមហាសាមគ្គីរបស់កូនខ្មែរយ៉ាងមោះមុត ឆ្លុះបញ្ចាំងពីវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ជាតិយើង។


លុះដល់ពេលរាត្រីមកដល់ ដងស្ទឹងសៀមរាបទាំងមូល ក៏ត្រូវបានបំភ្លឺដោយពន្លឺប្រទីបចម្រុះពណ៌ស្រស់ឆើតឆាយរាប់រយរាប់ពាន់ ដែលអណ្តែតកាត់ផ្ទៃទឹក ឆ្លុះបញ្ចាំងទៅនឹងពន្លឺព្រះច័ន្ទរាត្រីពេញបូរមី បង្កើតបានជាទិដ្ឋភាពដ៏ត្រកាល។



ប្រជាពលរដ្ឋបានចូលរួមយ៉ាងសប្បាយរីករាយក្នុងការសំពះព្រះខែ និងទទួលទានអំបុកតាមប្រពៃណី បង្ហាញពីការគោរពប្រតិបត្តិដ៏ខ្ជាប់ខ្ជួនចំពោះទំនៀមទម្លាប់ដូនតា។


ភាពរីករាយយ៉ាងគគ្រឹកគគ្រេងនេះ មិនត្រឹមតែជាការកម្សាន្តលំហែអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញយ៉ាងច្បាស់អំពីការថែរក្សា និងផ្សព្វផ្សាយនូវប្រពៃណីវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរតែមួយក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ។

ដោយ ៖ សិលា
