កម្ពុជា-តួកគីយ៉េ ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មឱ្យដល់ ១ពាន់លានដុល្លារនាពេលអនាគតដ៏ខ្លី!

កម្ពុជា-តួកគីយ៉េ ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មឱ្យដល់ ១ពាន់លានដុល្លារនាពេលអនាគតដ៏ខ្លី!

រាជធានីភ្នំពេញ ៖ កម្ពុជា និងតួកគីយ៉េ បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងដល់ ១ពាន់លានដុល្លារអាមេរិក នាពេលអនាគតដ៏ខ្លីខាងមុខ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

ប្រភពដដែលបានបន្តថា កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារយ៉ាងយកចិត្តទុកដាក់ជាមួយលោក Gürsel BARAN ប្រធានសភាពាណិជ្ជកម្មអង់ការ៉ា។

លោក Gürsel BARAN បានសម្តែងនូវក្តីរីករាយយ៉ាងក្រៃលែង និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកទស្សនកិច្ចនៅសភាពាណិជ្ជកម្មអង់ការ៉ា។ លោកបានចាត់ទុកដំណើរទស្សនកិច្ចនេះថាជាលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាមកកាន់សភាពាណិជ្ជកម្មអង់ការ៉ា ដែលជាឱកាសមាសសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

នៅក្នុងជំនួបពិភាក្សានោះ លោកជំទាវរដ្ឋមន្ត្រី និងលោកប្រធានសភាពាណិជ្ជកម្ម បានកត់សម្គាល់ពីវឌ្ឍនភាពដ៏ល្អប្រសើរនៃពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគីយ៉េ និងបានផ្លាស់ប្តូរយោបល់គ្នាយ៉ាងទូលំទូលាយអំពីយន្តការ និងផែនការជាក់លាក់នានា ដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្ម ១ពាន់លានដុល្លារនោះ។

លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីវិស័យអាទិភាពចំនួន ៤ ដែលជាសក្តានុពលដ៏ធំធេងសម្រាប់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងតួកគីយ៉េ រួមមាន វិស័យបរិក្ខាសុខាភិបាល វិស័យទេសចរណ៍សុខភាព វិស័យវាយនភណ្ឌ និងសម្លៀកបំពាក់ និងវិស័យសំណង់។ ទន្ទឹមគ្នានេះ លោកជំទាវក៏បានអញ្ជើញពាណិជ្ជករ និងអ្នកវិនិយោគតួកគីយ៉េ ឱ្យមកស្វែងរកឱកាសធុរកិច្ចលើវិស័យទាំងនេះ និងស្វែងរកដៃគូពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប លោកប្រធានសភាពាណិជ្ជកម្មអង់ការ៉ាបានសន្យាថា នឹងរៀបចំដំណើរទស្សនកិច្ចរបស់ពាណិជ្ជករ និងអ្នកវិនិយោគតួកគីយ៉េមកកាន់ប្រទេសកម្ពុជា នៅដើមឆ្នាំ ២០២៦ ខាងមុខ ដើម្បីរៀបចំព្រឹត្តិការណ៍ផ្គូរផ្គងអាជីវកម្មជាមួយក្រុមហ៊ុន-សហគ្រាសនៅកម្ពុជា។

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់បន្ថែមថា សភាពាណិជ្ជកម្មអង់ការ៉ាត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩២៣ និងបច្ចុប្បន្នមានសមាជិកជាក្រុមហ៊ុន និងសហគ្រាសជាង ១៧០,០០០ ដែលធ្វើឱ្យស្ថាប័ននេះក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសនៅក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ។

administrator

Related Articles