ប៉ៃលិនបេីកទ្វារស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិរាប់ម៉ឺននាក់ នាឱកាសបុណ្យអុំទូក

ប៉ៃលិនបេីកទ្វារស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិរាប់ម៉ឺននាក់ នាឱកាសបុណ្យអុំទូក

ខេត្ត​ប៉ៃលិន ៖ នៅ​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរ​យ៉ាង​ច្រើន​កុះករ បាន​សម្រុក​មក​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ប៉ៃលិន ជា​ពិសេស​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​បណ្តា​ខេត្ត​នានា។ ទិដ្ឋភាព​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អាជីវករ​លក់ដូរ​នៅ​តាម​កន្លែង​កម្សាន្ត​នីមួយៗ​មមាញឹក​ស្ទើរតែ​មិន​ទាន់។

ភ្ញៀវ​ទេសចរ​ម្នាក់ ឈ្មោះ​វាសនា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ខេត្ត​បាត់ដំបង បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​កោះសន្តិភាព​ថា ៖ ក្នុង​ឱកាស​បុណ្យអុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០២៥ នេះ លោក និង​ក្រុម​គ្រួសារ​បាន​ធ្វើ​ដំណើរ​មក​លេង​កម្សាន្ត​នៅ​ខេត្ត​ប៉ៃលិន។ ពួក​គាត់​បាន​ចេញ​ដំណើរ​ពី​ផ្ទះ​នា​រសៀល​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ហើយ​បាន​ស្នាក់​នៅ​សណ្ឋាគារ​ប៉ៃលិន​មួយ​យប់ មុន​នឹង​បន្ត​ដំណើ​ទៅ​លេង​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ភ្នំ​ខៀវ (​អូរ​តា​វ៉ៅ​) រមណីយដ្ឋាន​ចំការ​ខ្នុរ និង​រមណីយដ្ឋាន​ម្លប់​សាវម៉ាវ។ នៅ​ទីនោះ អ្នកខ្លះ​បាន​ចុះ​ងូតទឹក​លេង​ក្នុង​អូរ​យ៉ាង​ត្រជាក់​កាយ សប្បាយចិត្ត បំបាត់​ភាព​តានតឹង​បាន​យ៉ាង​ល្អ។


លោក​វាសនា បាន​បន្ត​ទៀត​ថា នៅ​ពេល​អាហារ​ថ្ងៃត្រង់ ពួក​គាត់​បាន​កុម្ម៉ង់​បាយ និង​ម្ហូប​នៅ​ក្នុង​រមណីយដ្ឋាន​តែ​ម្តង។ មុខម្ហូប​ល្បី​ប្រចាំ​ខេត្ត​ប៉ៃលិន គឺ​ឆា​ដើម​ក្រ​វ៉ា​ញ​ជាមួយ​សាច់​ជ្រូក សាច់​មាន់ ឬ​សាច់​ទា ដែល​ជា​បន្លែ​មាន​ឱជារស​ឈ្ងុយ​ប្រហើរ​គួរ​ឲ្យ​ចង់​ទទួលទាន​ម្តង​ហើយ​ចង់​ញ៉ាំ​ទៀត។ លោក​បាន​បញ្ជាក់​ថា ដំណើរ​កម្សាន្ត​មក​ខេត្ត​ប៉ៃលិន​នេះ លោក​និង​គ្រួសារ​នឹង​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​រយៈពេល​២ ទៅ​៣​យប់។ បន្ទាប់​ពី​ដើរ​លេង​កម្សាន្ត​គ្រប់​កន្លែង​ហើយ ពួក​គាត់​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដើម្បី​បន្ត​ប្រកប​មុខរបរ។

ពាក់ព័ន្ធ​នឹង​ចំនួន​ភ្ញៀវ លោក លីម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ថា នា​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដែល​ជា​ថ្ងៃ​ទី​១ នៃ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ ខេត្ត​ប៉ៃលិន​បាន​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន ៣០,៦៤៣​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ១៧៥​នាក់ សរុប​ទាំងអស់ ៣០,៨១៨​នាក់។


លោក​បាន​បន្ត​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​នៅ​តាម​ភូមិ និង​ក្បែរ​កន្លែង​កម្សាន្ត​ទូទាំង​ខេត្ត​ប៉ៃលិន ត្រូវ​យកចិត្តទុកដាក់​សម្អាត​អនាម័យ​បរិស្ថាន​ឲ្យ​បាន​ស្អាត​ជានិច្ច ដើម្បី​ងាយស្រួល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​កម្សាន្ត​កាន់តែ​ច្រើន​ឡើង ដែល​អាច​បង្កើន​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព។ ជា​ពិសេស ការ​រៀបចំ​ភ្លើង​អគ្គិសនី​បំភ្លឺ​នៅ​ពេល​យប់​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន គឺ​បញ្ចេញ​រស្មី​យ៉ាង​ត្រចះត្រចង់​គួរ​ឲ្យ​ចង់​គយគន់ ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នា​ពេល​យប់​មាន​សុវត្ថិភាព​និង​មិន​ភ័យខ្លាច​អ្វី​ឡើយ។

administrator

Related Articles