យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋចិន បានប្រកាសនៅថ្ងៃពុធ ទី៥ ខែវិច្ឆិកា នេះថា ប្រទេសចិននឹងផ្អាកការយកពន្ធបន្ថែមចំនួន ២៤% របស់ខ្លួនលើទំនិញអាមេរិកសម្រាប់រយៈពេលមួយឆ្នាំ ខណៈដែលពន្ធ ១០% នឹងនៅរក្សាដដែល។
ការប្រកាសដ៏សំខាន់នេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកាលពីសប្តាហ៍មុនរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងសមភាគីអាមេរិក លោក ដូណាល់ ត្រាំ។

គណៈកម្មការគយចិន ក៏បានប្រកាសផងដែរថា ពន្ធគយមួយចំនួនរហូតដល់ ១៥% លើផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក នឹងត្រូវដកចេញចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ដោយបន្ធូរបន្ថយពន្ធលើការនាំចូលផលិតផលកសិកម្មសំខាន់ៗ។ ការសម្រេចចិត្តនេះ គឺជាផ្នែកមួយនៃការស្វែងរកស្ថិរភាពទំនាក់ទំនងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន ខណៈដែលចិនជាប្រទេសទិញផលិតផលកសិកម្មធំជាងគេមួយនៅលើពិភពលោក។
ការកែសម្រួលពន្ធគយនេះ គឺជាជំហានដ៏សំខាន់ដំបូងបង្អស់ពីទីក្រុងប៉េកាំង បន្ទាប់ពីកិច្ចប្រជុំរវាងលោក ស៊ី និងលោក ត្រាំ ដែលភាគីទាំងពីរបានចាត់ទុកថាជាលក្ខណៈស្ថាបនា។ នេះជាកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីគ្រប់គ្រងភាពតានតឹងផ្នែកសេដ្ឋកិច្ច និងសន្តិសុខរវាងប្រទេសមហាអំណាចទាំងពីរ។
ដោយ៖ ឈាង
