នៅចំពេលដែលប្រជាពលរដ្ឋជាច្រើនបានចាកចេញពីផ្ទះសម្បែង តូបលក់ដូរ និងហាងនានាដើម្បីទៅកម្សាន្តក្នុងឱកាសបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសដ៏សំខាន់មួយអំពីទោសទណ្ឌចំពោះបទល្មើសគាស់ផ្ទះលួចទ្រព្យសម្បត្តិអ្នកដទៃ។
លោកឧត្តមសេនីយ៍ឯក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមរយៈបណ្តាញសង្គមថា សកម្មភាពគាស់ផ្ទះ ឬទម្លុះទម្លាយយកទ្រព្យសម្បត្តិអ្នកដទៃ ត្រូវបានចាត់ទុកជា «បទល្មើសលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា»។

លោកបានបន្ថែមថា អំពើទុច្ចរិត និងចេតនាបែបនេះ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៣ឆ្នាំទៅ១០ឆ្នាំ តាមក្រមព្រហ្មទណ្ឌជាធរមាន។ ជាមួយគ្នានេះ លោក ទូច សុខៈ ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលរងគ្រោះ ឱ្យទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល អធិការដ្ឋាន ឬស្នងការដ្ឋាននគរបាលនៅតាមមូលដ្ឋាននីមួយៗដោយមិនចាំបាច់ស្ទាក់ស្ទើរ។
គួររំលឹកផងដែរថា បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៥ នេះ គឺបុគ្គលិករាជការ កម្មករ និងបុគ្គលិកអង្គការសង្គមស៊ីវិលនានា ត្រូវបានឈប់សម្រាករយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា។
