គិតត្រឹមថ្ងៃពុធទី៥ខែវិច្ឆិកាឆ្នាំ២០២៥នេះ ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះទីហ្វុង «កាលម៉េហ្គី (Kalmaegi)» ក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់៦៦នាក់ហើយ ដោយខេត្ត Cebu ដែលជាតំបន់រងគ្រោះខ្លាំងជាងគេ មានមនុស្សបាត់បង់ជីវិត៤៩នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
មនុស្ស២៦នាក់នៅតែបាត់ខ្លួន ខណៈដែលអ្នកស្រុកចាប់ផ្តើមសម្អាតផ្ទះ និងកន្លែងអាជីវកម្មដែលត្រូវបានបំផ្លិចបំផ្លាញដោយទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក។
ទីក្រុង Cebu មានភ្លៀងធ្លាក់កម្ពស់១៨៣មិល្លីម៉ែត្រត្រឹមក្នុងរយៈពេល២៤ម៉ោង ដែលលើសពីកម្រិតមធ្យមប្រចាំខែដែលមាន១៣១មិល្លីម៉ែត្រ ខណៈដែលអភិបាលក្រុងលោកស្រី Pamela Baricuatro បានចាត់ទុកទឹកជំនន់លើកនេះថា«មិនធ្លាប់មានពីមុនមក»។ មនុស្សជិត៤០០ ០០០នាក់ត្រូវបានជម្លៀសចេញមុនពេលព្យុះទៅដល់។

កាន់តែអាក្រក់ជាងនេះ ឧទ្ធម្ភាគចក្រយោធាហ្វីលីពីនដែលចុះជួយសង្គ្រោះ បានធ្លាក់នៅភាគខាងជើងកោះ Mindanao ដោយបានសម្លាប់មនុស្ស៦នាក់។ ប្រតិបត្តិការស្វែងរក និងការសង្គ្រោះកំពុងបន្ត។
ព្យុះទីហ្វុងកាលម៉េហ្គី កំពុងរំកិលទៅទិសខាងលិចឆ្ពោះទៅខេត្ត Palawan ជាមួយនឹងល្បឿនខ្យល់១២០គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់បក់រហូតដល់១៦៥គីឡូម៉ែត្រក្នុងមួយម៉ោង។ អ្នកវិទ្យាសាស្ត្រព្រមានថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឲ្យព្យុះកាន់តែខ្លាំង និងភ្លៀងធ្លាក់កាន់តែច្រើន ដែលបង្កហានិភ័យកើនឡើងសម្រាប់តំបន់ដែលងាយរងគ្រោះដោយគ្រោះមហន្តរាយ។
ហ្វីលីពីនជាធម្មតាជួបប្រទះព្យុះប្រហែល២០ក្នុងមួយឆ្នាំ ដោយរំពឹងថានឹងមានព្យុះពី៣ទៅ៥លើកទៀតនៅប្រទេសអាស៊ីមួយនេះមុនដំណាច់ខែធ្នូខាងមុខ៕
ដោយ៖ ឈាង
