សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនដែលសុំថៃបើកច្រកព្រំដែនឡើយ ទោះថៃចង់បិទ១០០ឆ្នាំទៀតក៏ដោយ!

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនដែលសុំថៃបើកច្រកព្រំដែនឡើយ ទោះថៃចង់បិទ១០០ឆ្នាំទៀតក៏ដោយ!

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារយ៉ាងច្បាស់ៗនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា កន្លងទៅនេះ ដោយបានបញ្ជាក់អំពីជំហររបស់កម្ពុជា ចំពោះការបើកច្រកទ្វារព្រំដែនជាមួយប្រទេសថៃ។

សម្តេចបានរំលឹកឡើងវិញថា តាំងពីក្រោយសេចក្តីថ្លែងការណ៍សន្តិភាពរវាងកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ ក្រោមការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មក ទំនាក់ទំនងទ្វេភាគីមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាក់ស្តែង គឺមានការប្រជុំ JBC.RBC រហូតដល់ការដកអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះ ដោយមានការត្រួតពិនិត្យពីក្រុមសង្កេតការណ៍អាស៊ាន (AOT)។ នេះជាដំណើរវិជ្ជមានឆ្ពោះទៅរកការបញ្ចប់ជម្លោះ និងបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។

ព័ត៌មាន​ព្រំដែន

ទោះជាយ៉ាងនេះក្តី សម្តេចតេជោ បានសម្តែងការបារម្ភ និងបានជំរាបជូនប្រជាជនកម្ពុជា កុំឱ្យមានការយល់ច្រឡំចំពោះរឿងបើកច្រកព្រំដែនកម្ពុជា-ថៃឡើងវិញ។ សម្តេចបានកត់សម្គាល់ថា មួយរយៈចុងក្រោយនេះ ថ្នាក់ដឹកនាំថៃមួយចំនួន រាប់ទាំងនាយករដ្ឋមន្ត្រីផង បានលើកយកប្រធានបទបើកច្រកព្រំដែនមកនិយាយយ៉ាងច្រើន ដែលអាចក្លាយជាប្រធានបទឃោសនាបោះឆ្នោតនៅប្រទេសថៃនាពេលខាងមុខ។

ការលើកឡើងញឹកញាប់បែបនេះ អាចបណ្តាលឱ្យមានការយល់ច្រឡំក្នុងចំណោមប្រជាជនកម្ពុជា ឬសូម្បីតែប្រជាជនថៃថា ភាគីកម្ពុជាជាអ្នកបានទៅសុំភាគីថៃឱ្យបើកច្រកឡើងវិញ។ សម្តេចបានបញ្ជាក់យ៉ាងច្បាស់ៗថា លោកមិនចង់ឱ្យប្រជាជនកម្ពុជាយល់ច្រឡំឡើយ។ ចំពោះប្រជាជនថៃវិញ វាជារឿងរបស់ពួកគេ ដែលអាចត្រូវបានបោកប្រាស់សម្រាប់យុទ្ធនាការបោះឆ្នោត។

ព័ត៌មាន​ព្រំដែន

សម្រាប់ប្រជាជនកម្ពុជា សម្តេចតេជោបានសង្កត់ធ្ងន់ថា “តាំងពីថៃបិទច្រកទ្វារព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានទៅសុំថៃឱ្យបើកច្រកឡើងវិញនោះទេ”។ សម្តេចបានបន្ថែមថា ថៃអាចបន្តបិទ១០០ឆ្នាំ ឬ៥០០ឆ្នាំទៀតក៏ជា រឿងរបស់ថៃដែរ ព្រោះកូនសោស្ថិតក្នុងដៃរបស់ពួកគេ។

សម្តេចក៏បានពន្យល់ទៀតថា ការបិទច្រកព្រំដែនកន្លងមកនេះ មិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ ផ្ទុយទៅវិញ វាបានជំរុញឱ្យទំនិញក្នុងស្រុកចូលមកជំនួសទំនិញថៃ ដែលនេះជាឱកាសដ៏ល្អដើម្បីជំរុញផលិតកម្មក្នុងស្រុកឱ្យកើនឡើង។ សម្តេចបានប្រាប់ប្រតិភូមិត្តភក្តិបរទេសថា ការបិទច្រកព្រំដែនរបស់ថៃជាមួយកម្ពុជា មិនមែនគ្រាន់តែកាត់ផ្តាច់ការតភ្ជាប់រវាងកម្ពុជា-ថៃប៉ុណ្ណោះទេ តែជាការកាត់ផ្តាច់ការតភ្ជាប់អាស៊ាន និងអាស៊ីផងដែរ ដែលធ្វើឱ្យប៉ះពាល់ដល់គម្រោងផ្លូវល្បឿនលឿន និងផ្លូវដែកអាស៊ាន-អាស៊ី។

ព័ត៌មាន​ព្រំដែន

សម្តេចសង្ឃឹមថា សារនេះនឹងបានទៅដល់ថ្នាក់ដឹកនាំថៃ និងប្រជាជនថៃថា កម្ពុជាមិនទៅសុំថៃបើកច្រកព្រំដែនវិញទេ ហើយក៏សង្ឃឹមថា ប្រជាជនកម្ពុជាមិនយល់ច្រឡំថា ថ្នាក់ដឹកនាំកម្ពុជាធ្វើថោកទៅសុំថៃឱ្យបើកច្រកព្រំដែននោះដែរ។

administrator

Related Articles