តុលាការចិនកាលពីថ្ងៃអង្គារទី៤ ខែវិច្ឆិកា បានប្រកាសសាលក្រមកាត់ទោសប្រហារជីវិតលោក Bai Suocheng ដែលជាមេខ្លោងឧក្រិដ្ឋកម្មដ៏ល្បីល្បាញនៅតំបន់ Kokang ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។ លោក Bai ត្រូវបានរកឃើញថាមានទោសពីបទដឹកនាំបណ្តាញឧក្រិដ្ឋកម្មដ៏ធំមួយដែលពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ (Scam) ល្បែងស៊ីសង និងការជួញដូរគ្រឿងញៀន ដែលបណ្តាលឲ្យពលរដ្ឋចិនចំនួន ៦នាក់បានស្លាប់។
តុលាការស្រុក Shenzhen ក្នុងខេត្ត Guangdong បានកាត់ទោសប្រហារជីវិតលោក Bai Suocheng កូនប្រុសរបស់លោក គឺលោក Bai Yingcang និងសហការីជាន់ខ្ពស់បីនាក់ទៀត។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានរាយការណ៍ថា ជនជាប់ចោទចំនួន ១៦នាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារ Bai ក៏ត្រូវបានកាត់ទោសដាក់ពន្ធនាគារផងដែរ។ ក្នុងចំណោមនោះ ពីរនាក់ត្រូវបានកាត់ទោសប្រហារជីវិតដោយព្យួរទោសរយៈពេលពីរឆ្នាំ ខណៈមនុស្សប្រាំនាក់ផ្សេងទៀតត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ជនជាប់ចោទប្រាំបួននាក់ទៀតត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ២០ឆ្នាំ រួមជាមួយនឹងការផាកពិន័យ ការរឹបអូសទ្រព្យសម្បត្តិ និងដីកានិរទេស។
យោងតាមសាលក្រម លោក Bai Suocheng និងបណ្តាញរបស់លោកបានប្រតិបត្តិការបោកប្រាស់ទូរគមនាគមន៍ និងល្បែងស៊ីសងនៅក្នុងតំបន់ Kokang ប្រទេសមីយ៉ាន់ម៉ា ដោយមានការការពារប្រដាប់អាវុធ ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ក្នុងចំណោមជនជាតិចិន។ តុលាការបានបញ្ជាក់ថា ក្រុមឧក្រិដ្ឋជននេះបានសាងសង់បរិវេណការពារខ្លួនចំនួន ៤១ទីតាំង ដើម្បីប្រតិបត្តិការក្រុម Scam ដោយផ្តល់ឲ្យពួកគេនូវសន្តិសុខប្រដាប់អាវុធពេញលេញ។
ឧក្រិដ្ឋកម្មរបស់ពួកគេរួមមាន ការក្លែងបន្លំតាមទូរគមនាគមន៍ និងអ៊ីនធឺណិត ការបើកកាស៊ីណូខុសច្បាប់ ការចាប់ជំរិត ពេស្យាកម្ម ការផលិត និងការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្ស។
សារព័ត៌មានស៊ីនហួរបានរាយការណ៍បន្ថែមថា ប្រតិបត្តិការរបស់ក្រុមនេះពាក់ព័ន្ធនឹងការកេងចំណេញខុសច្បាប់ជាង ២៩ពាន់លានយន់ (ប្រហែល ៤ពាន់លានដុល្លារ) និងការផលិត និងការជួញដូរថ្នាំញៀនមេតំហ្វេតាមីនប្រហែល ១១តោន។
សេចក្តីសម្រេចនេះគឺជាការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតមួយនៅក្នុងយុទ្ធនាការបង្ក្រាបដ៏ធំរបស់ប្រទេសចិនលើឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឆ្លងដែន ដែលភ្ជាប់ទៅនឹងភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា។ រដ្ឋាភិបាលក្រុងប៉េកាំងបានដាក់សម្ពាធយ៉ាងខ្លាំងដល់អាជ្ញាធរក្នុងតំបន់ Kokang របស់មីយ៉ាន់ម៉ា ដែលជាជម្រករបស់ក្រុមប្រដាប់អាវុធដ៏មានអំណាច ដើម្បីប្រគល់ជនសង្ស័យសំខាន់ៗដែលត្រូវបានចោទប្រកាន់ពីបទធ្វើបាបពលរដ្ឋចិន។ ការកាត់ក្តីលើគ្រួសារ Bai បានចាប់ផ្តើមនៅក្នុងខែកញ្ញា បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន និងធ្វើបត្យាប័នទៅកាន់ប្រទេសចិនកាលពីដើមឆ្នាំនេះ។
