ក្រសួងការងារ ប្រចាំការ ២៥ខេត្ត-ក្រុង ត្រៀមដោះស្រាយបញ្ហាជូនកម្មករនិយោជិត ក្នុងឱកាសបុណ្យអុំទូក

ក្រសួងការងារ ប្រចាំការ ២៥ខេត្ត-ក្រុង ត្រៀមដោះស្រាយបញ្ហាជូនកម្មករនិយោជិត ក្នុងឱកាសបុណ្យអុំទូក

រាជធានីភ្នំពេញ ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាថ្ងៃឈប់សម្រាកដ៏ធំមួយរបស់ជាតិ មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តបំពេញបេសកកម្មប្រចាំការ ដើម្បីធានាបាននូវការដោះស្រាយបញ្ហា និងសម្របសម្រួលរាល់កង្វល់របស់បងប្អូនកម្មករ-និយោជិតឱ្យបានទាន់ពេលវេលា។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលជាថ្ងៃទី១ នៃបុណ្យអុំទូកថា ក្រោមការចាត់តាំងផ្ទាល់ពីឯកឧត្ដម ហេង សួរ មន្ត្រីទាំងអស់ទាំងនៅទីស្ដីការក្រសួង និងមន្ទីរការងារទាំង ២៥ រាជធានី-ខេត្ត រួមទាំងក្រុមអន្តរាគមន៍ និងក្រុម ១២៩៧ បានត្រៀមលក្ខណៈរួចជាស្រេចដើម្បីជួយអន្តរាគមន៍ និងដោះស្រាយបញ្ហាផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។

ការប្រចាំការនេះ គឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួង ក្នុងការការពារផលប្រយោជន៍ និងសុខុមាលភាពរបស់បងប្អូនកម្មករ-និយោជិត ទោះបីជាក្នុងថ្ងៃបុណ្យទានក៏ដោយ។

លោកអ្នកនាំពាក្យក៏បានបន្ថែមទៀតថា មន្ត្រីជំនាញនៅតែបន្តប្រចាំការពេញទាំង ៣ ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ដើម្បីធានាថា រាល់បញ្ហារបស់បងប្អូនកម្មករ-និយោជិត នឹងត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័សបំផុត។

នេះជាការប្តេជ្ញាចិត្តរបស់ក្រសួងការងារ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករ-និយោជិតគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។

administrator

Related Articles