ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ បានបន្តប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនយុវជនចំនួន ៧នាក់បន្ថែមទៀត ដែលពាក់ព័ន្ធនឹងករណីបង្កជម្លោះដោយហិង្សាដ៏ធំមួយ នៅក្នុងស្រុកគាស់ក្រឡ។
ជាក់ស្ដែង កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលក្រោមការដឹកនាំដោយលោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡ សហការជាមួយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានបន្តចុះស្រាវជ្រាវ និងឃាត់ខ្លួនជនបង្កហិង្សាចំនួន ០១នាក់បន្ថែមទៀត ដែលបានបង្កអុកឡុកកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅស្រុកគាស់ក្រឡ ហើយបានបញ្ជូនមកអនុវត្តតាមនីតិវិធីច្បាប់។

គួររំលឹកផងដែរថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១៥ និង៣០នាទី នៅចំណុចភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីវាយតប់ គប់ចាន គប់កែវគ្នាទៅវិញទៅមក រវាងក្រុមយុវជនពីរក្រុម ដែលបានបង្កភាពអនាធិបតេយ្យ និងការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងពិធីបុណ្យកឋិនមួយ។ ភ្លាមៗនោះ កងកម្លាំងនគរបាលស្រុកគាស់ក្រឡ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធិបតី បានចុះទៅដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនមនុស្សចំនួន ០៧នាក់ ប៉ុន្តែជនបង្កផ្សេងទៀតបានគេចខ្លួនពីកន្លែងកើតហេតុ។ ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចបានបន្តស្វែងរក និងឃាត់ខ្លួនជនបង្កហេតុជាបន្តបន្ទាប់ទៀត ខណៈដែលព័ត៌មានលម្អិតអំពីប្រវត្តិរូបរបស់ពួកគេ ក៏ត្រូវបានសមត្ថកិច្ចដឹងច្បាស់ និងកំពុងរៀបចំបញ្ជូនសំណុំរឿងទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
