ក្រសួង ស្ថាប័ន រាជធានី-ខេត្ត រួមដៃគ្នាផ្សព្វផ្សាយសារប្រឆាំងគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យទូក

ក្រសួង ស្ថាប័ន រាជធានី-ខេត្ត រួមដៃគ្នាផ្សព្វផ្សាយសារប្រឆាំងគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យទូក

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា សកម្មភាពផ្សព្វផ្សាយដ៏ផុសផុលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ត្រូវបានអនុវត្តយ៉ាងទូលំទូលាយដោយមានការចូលរួមពីក្រសួង ស្ថាប័ន រាជធានី-ខេត្ត និងវិស័យឯកជន។ ជាពិសេស ក្នុងឱកាសថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក និងពិធីកម្សាន្តសប្បាយនានា ដែលរៀបចំឡើងដោយរាជធានី-ខេត្ត។

លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានបន្តជម្រាបជូនថា ក្នុងឱកាសដ៏សំខាន់នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្របសម្រួលឱ្យក្រសួង ស្ថាប័ន និងរាជធានី-ខេត្ត ដែលជាសមាជិក រៀបចំដាក់តាំងនូវបដា និងពាក្យស្លោកប្រឆាំងគ្រឿងញៀនតាមបណ្តោយដងវិថីសំខាន់ៗ។ ទាំងនេះរួមមានផ្លូវទៅកាន់រមណីយដ្ឋាននានា ផ្លូវចេញ-ចូល និងផ្លូវឆ្លងកាត់រាជធានី-ខេត្តនីមួយៗ។ មិនតែប៉ុណ្ណោះ ពិធីករ ពិធីការិនី វិទ្យុ ទូរទស្សន៍ បណ្តាញផ្សព្វផ្សាយ និងអ្នកអត្ថាធិប្បាយពិធីនានា ក៏បានចូលរួមយ៉ាងសកម្មក្នុងការជួយផ្ញើសារប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយអំពីកម្មវិធី App NoDrug ទៅកាន់ប្រជាពលរដ្ឋ អ្នកទស្សនា និងប្រិយមិត្តរបស់ពួកគេផងដែរ។ ការចូលរួមដ៏ផុសផុលនេះ គឺពិតជាបានទទួលនូវកុសលផលបុណ្យដ៏ច្រើនមហិមា ព្រោះបានជួយដល់កូនចៅយើងឱ្យមានអនាគតល្អប្រសើរ និងធ្វើឱ្យសហគមន៍ទាំងមូលមានសុវត្ថិភាព រីកចម្រើនទៅមុខជាមួយគ្នា។ ការអរគុណនេះ គឺចំពោះការចូលរួមសហការយ៉ាងសកម្មពីសំណាក់ក្រសួង ស្ថាប័ន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត និងវិស័យឯកជនទាំងអស់ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនដ៏មានសារៈសំខាន់នេះ។

administrator

Related Articles