ភ្នំពេញ ៖ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្មីៗនេះ បន្ទាប់ពីមានការបង្ហោះព័ត៌មានលើបណ្តាញសង្គម MNT-News ទាក់ទងនឹងការស្នើសុំឱ្យមន្ត្រីក្រសួងចុះពិនិត្យការរុះរើសំណង់សាលាជ័យថាវី ដែលអាចបម្រើផលប្រយោជន៍បុគ្គលឯកជនណាមួយនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីបំភ្លឺជាសាធារណៈ។
ក្រសួងបានបញ្ជាក់យ៉ាងច្បាស់ថា ការសម្រេចឱ្យម្ចាស់សំណង់សាលាជ័យថាវី រុះរើនេះ គឺផ្អែកលើការចុះពិនិត្យទីតាំងជាក់ស្តែង និងបានរកឃើញថា៖
១. សំណង់ដែលធ្វើពីដែកនេះ ត្រូវបានសាងសង់សម្រាប់ធ្វើជារោងចំណតកង់-ម៉ូតូ របស់បុគ្គលិក និងសិស្សានុសិស្ស ដែលមកបង្រៀន ឬសិក្សានៅសាលាជ័យថាវី។
២. អ្វីដែលជាបញ្ហានោះ គឺសំណង់នេះបានបិទបាំងផ្លូវសាធារណៈលេខ១៤៩ ទាំងស្រុង បង្កឱ្យមានភាពអនាធិបតេយ្យ បាត់បង់សណ្តាប់ធ្នាប់ និងការចតកង់ ម៉ូតូពាសពេញផ្លូវ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សោភ័ណភាពទីក្រុង។
៣. មិនត្រឹមតែប៉ុណ្ណោះ ការសាងសង់បិទផ្លូវបែបនេះ បានជះឥទ្ធិពលអវិជ្ជមានដល់លំហូរចរាចរណ៍ក្នុងតំបន់ ព្រមទាំងបង្កហានិភ័យខ្ពស់ដល់សុវត្ថិភាពសាធារណៈ ជាពិសេសក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ ដែលរារាំងដល់ប្រតិបត្តិការជួយសង្គ្រោះ។
ឈរលើស្មារតីគោរពក្រមសីលធម៌វិជ្ជាជីវៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអំពាវនាវដល់បណ្តាញផ្សព្វផ្សាយសង្គមទាំងអស់ មេត្តាផ្សព្វផ្សាយព័ត៌មានប្រកបដោយការទទួលខុសត្រូវខ្ពស់ ចៀសវាងការបង្កើតឱ្យមានការភ័ន្តច្រឡំក្នុងសង្គម។ ជាមួយគ្នានេះ ក្រសួងក៏បានស្នើដល់អ្នកសារព័ត៌មាន ម្ចាស់សំណង់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមយល់ដឹង និងសហការគ្នាដើម្បីរៀបចំប្រទេសជាតិរបស់យើងឱ្យកាន់តែស្អាត មានសោភ័ណភាព សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងប្រកបដោយកិត្តិយសថ្លៃថ្នូរ៕
ដោយ ៖ សិលា
