ខេត្តឧត្ដរមានជ័យ៖ អង្គការកែប្រែសហគមន៍ (CTO) រួមជាមួយដៃគូ បានរៀបចំពិធីចែកជំនួយសង្គ្រោះជាស្បៀង សម្ភារៈសិក្សា និងសាច់ប្រាក់ ដល់កុមារសរុប ១៦០៣ នាក់ ដែលរងផលប៉ះពាល់ពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីពេលកន្លងទៅ។ ពិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនៅសាលាបឋមសិក្សាថ្នល់បត់ ភូមិថ្នល់បត់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោក យិញ យ៉ា នាយកប្រតិបត្តិអង្គការ CTO បានបញ្ជាក់ថា គោលបំណងនៃការចែកជំនួយនេះ គឺដើម្បីរួមចំណែកជួយសម្រាលការខ្វះខាតជីវភាពរបស់កុមារ និងគ្រួសារ ព្រមទាំងលើកកម្ពស់សុខុមាលភាព និងផ្ដល់ឱកាសសិក្សាដ៏សមស្របដល់កុមារដែលមានជីវភាពខ្វះខាត។
លោកបានបន្តទៀតថា បច្ចុប្បន្ន អង្គការ CTO កំពុងអនុវត្តគម្រោងកម្មវិធីសិទ្ធិមូលដ្ឋាន (Local Right Program) និងគម្រោងផ្ដល់ឱកាសសិក្សាដល់កុមារក្រៅសាលា (OOSC)។ គម្រោងទាំងនេះធ្វើការជាដៃគូជាមួយអង្គការ ActionAid និង អង្គការ Aid et Action នៅក្នុងខេត្តយុទ្ធសាស្ត្រចំនួន ៥ រួមមាន៖ ឧត្តរមានជ័យ កំពង់ធំ ពោធិ៍សាត់ កោះកុង និងកំពត ដោយមានអង្គការដៃគូសរុបចំនួន ១២ អនុវត្តគម្រោងនៅតាមបណ្ដាខេត្តទាំង៥ខាងលើ។

លោកស្រី ចាន់ សោភ័ណ្ឌ ប្រធានកម្មវិធីអង្គការ ActionAid បានរំលឹកថា ក្រោយការផ្ទុះអាវុធនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារបានបង្ខំចិត្តជម្លៀសចេញពីលំនៅឋានដើម្បីសុវត្ថិភាព។ ពួកគាត់ខ្លះបានទៅស្នាក់នៅជំរុំសុវត្ថិភាពបណ្ដោះអាសន្ន ដែលអាជ្ញាធរបានរៀបចំទាំងក្នុង និងក្រៅខេត្ត រីឯមួយចំនួនទៀតបានទៅជ្រកកោននៅផ្ទះសាច់ញាតិ។

ដោយសារតែការរត់ភៀសខ្លួនយ៉ាងគំហុក និងស្ថានភាពតានតឹងតាមបន្ទាត់ព្រំដែនបានអូសបន្លាយអស់ជាច្រើនខែ បើទោះបីជាមានបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក៏ដោយ ក៏ផលប៉ះពាល់នៅតែបន្ត។ លោកស្រីបានបន្តថា អង្គការតែងតែបានចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការងារឆ្លើយតបទៅនឹងបញ្ហាគ្រោះមហន្តរាយនេះជាបន្តបន្ទាប់។

លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ CTO និងអង្គការដៃគូ ជាពិសេសអង្គការ ActionAid និងអង្គការ Aid et Action ដែលបានរួមគ្នាឆ្លើយតបនឹងតម្រូវការបន្ទាន់ចំនួន ៣ លើករួចមកហើយ ដល់ក្រុមគ្រួសារដែលស្នាក់នៅក្នុងជំរុំវត្តថ្មកំបោរ និងវត្តបាត់ថ្កៅ។ ជំនួយទាំងនោះមានដូចជា សម្ភារៈប្រើប្រាស់ ស្បៀង សាច់ប្រាក់ សម្ភារៈស្តុកទឹកស្អាត អនាម័យ និងសម្ភារៈសិក្សាកុមារ។ លោកបានបន្ថែមថា ការបន្តចែកជូនជំនួយនៅពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ ជាពិសេសកុមារ ដែលជាការរួមចំណែកដ៏ធំធេងជាមួយរាជរដ្ឋាភិបាល។

គួររំលឹកផងដែរថា កុមារទាំង ១៦០៣ នាក់ ដែលបានទទួលអំណោយនៅពេលនេះ ក្នុងម្នាក់ៗទទួលបានត្រីខ ២ យួរ (២០ កំប៉ុង) និងថវិកា ៥ ម៉ឺនរៀល។ ក្នុងនោះ កុមារនៅក្នុងសង្កាត់កូនក្រៀលមានចំនួន ៣៤៥ នាក់។
