ដំណឹងល្អ! ទំនប់អាងទឹកសួង៧៨ ត្រូវបានជួសជុល និងស្ដារឡើងវិញ ត្រៀមបម្រើវិស័យកសិកម្ម និងជីវភាពប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅស្រុកជីក្រែង!

ដំណឹងល្អ! ទំនប់អាងទឹកសួង៧៨ ត្រូវបានជួសជុល និងស្ដារឡើងវិញ ត្រៀមបម្រើវិស័យកសិកម្ម និងជីវភាពប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅស្រុកជីក្រែង!

ខេត្តសៀមរាប ៖ ទំនប់អាងទឹកសួង៧៨ ដែលមានទីតាំងក្នុងឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានកសាងឡើងតាំងពីសម័យប៉ុលពតម្ល៉េះ។ ទំនប់នេះមានតួនាទីយ៉ាងសំខាន់ក្នុងការស្ទាក់ទឹកពីស្ទឹងជីក្រែង និងផ្ទៃរងទឹកភ្លៀង ដើម្បីផ្គត់ផ្គង់ដល់ការស្រោចស្រពលើផ្ទៃដីកសិកម្ម ដំណាំរួមផ្សំ និងសម្រាប់បំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ទោះជាយ៉ាងណា ក្នុងរយៈពេលកន្លងមក តួទំនប់អាងទឹកសួង៧៨ បានរងការខូចខាតយ៉ាងដំណំដោយសារជំនន់ទឹកភ្លៀងនារដូវវស្សា បណ្តាលឱ្យមានការហូរច្រោះដាច់ និងទ្រុឌទ្រោមស្ទើរទាំងស្រុង។ សំណង់សិល្បការ្យនានាដែលបំពាក់លើទំនប់ ក៏មិនអាចគ្រប់គ្រង និងបញ្ចេញទឹកបានប្រកបដោយប្រសិទ្ធភាពដែរ។ ស្ថានភាពនេះបានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនជួបប្រទះការលំបាកយ៉ាងខ្លាំង ក្នុងការកង្វះខាតទឹកសម្រាប់បង្កបង្កើនផលកសិកម្ម និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។
ដើម្បីស្តារ និងពង្រឹងសមត្ថភាពអាងទឹកដ៏សំខាន់នេះឡើងវិញ ក្រសួងធនធានទឹក និងឧតុនិយម តាមរយៈនាយកដ្ឋានវិស្វកម្ម បានចាប់ផ្តើមអនុវត្តគម្រោងជួសជុលទំនប់អាងទឹកសួង៧៨ ជាបីដំណាក់កាល។ ដំណាក់កាលទី១ ចាប់ផ្តើមឆ្នាំ២០២៤ ដំណាក់កាលទី២ ក្នុងឆ្នាំ២០២៥ និងដំណាក់កាលទី៣ គ្រោងនឹងអនុវត្តនៅឆ្នាំ២០២៦។ សម្រាប់ដំណាក់កាលទី២ ក្នុងឆ្នាំ២០២៥នេះ ក្រុមការងារនឹងផ្តោតលើការងារសំខាន់ៗ រួមមាន៖ ជួសជុលទំនប់អាងទឹកប្រវែង ៤៨០០ម៉ែត្រ, សាងសង់លូជ្រុងចំនួន ២កន្លែង, សាងសង់ទ្វារទឹកទ្វារពីរ ចំនួន ៣កន្លែង, សាងសង់ទ្វារទឹកទ្វារបី ចំនួន ១កន្លែង និងសាងសង់ទ្វារទឹកទ្វារបួន ចំនួន ១កន្លែង។
លោក ប៉ុន ថន ប្រធានគ្រប់គ្រងការដ្ឋាននៃគម្រោងជួសជុលទំនប់អាងទឹកសួង៧៨ បានបញ្ជាក់ឱ្យដឹងថា មកទល់ពេលនេះ ក្នុងរយៈពេលពីរឆ្នាំកន្លងមក ក្រុមការងារសម្រេចបានការកសាងទំនប់ប្រវែងប្រមាណ ៩គីឡូម៉ែត្រហើយ ខណៈដែលនៅសល់ប្រវែងប្រមាណ ៥គីឡូម៉ែត្រទៀត ត្រូវបន្តទៅដល់ស្រុកស្ទោង។ លោកបានសង្កត់ធ្ងន់ថា ក្រុមការងារក៏បានបំពាក់សំណង់សិល្បការ្យចាំបាច់នានា ដើម្បីធានានូវលទ្ធភាពរំដោះទឹក និងស្ដុកទឹកទុក សម្រាប់ផ្គត់ផ្គង់ដល់ផ្ទៃដីកសិកម្មរបស់ប្រជាពលរដ្ឋនៅតំបន់ខាងក្រោមឱ្យបានគ្រប់គ្រាន់។
គួររំលឹកផងដែរថា បន្ទាប់ពីការជួសជុលទំនប់ និងសំណង់សិល្បការ្យនានាបានរួចរាល់ ទំនប់អាងទឹកសួង៧៨ នឹងមានសមត្ថភាពខ្ពស់ក្នុងការស្តុកទឹកសម្រាប់បម្រើការងារស្រោចស្រពបន្ថែមលើផ្ទៃដីកសិកម្មរដូវវស្សាប្រមាណ ១៣២៥ហិកតា រដូវប្រាំងប្រមាណ ២២៣១ហិកតា និងដំណាំរួមផ្សំប្រមាណ ៣០ហិកតា ជូនប្រជាពលរដ្ឋប្រមាណ ១៧៣៩គ្រួសារ ក្នុងភូមិចំនួន១២ នៃឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។ លើសពីនេះ តួទំនប់ក៏នឹងក្លាយជាផ្លូវគមនាគមន៍ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីរមូលដ្ឋានទៅទីប្រជុំជនបានល្អប្រសើរ រួមចំណែកក្នុងការដឹកជញ្ជូនកសិផល និងផលនេសាទ។ មិនតែប៉ុណ្ណោះ ទំនប់នេះក៏មានសក្ដានុពលក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញក្នុងមូលដ្ឋានផងដែរ។ ជាក់ស្តែង គម្រោងនេះនឹងជួយបង្កើនទិន្នផលកសិកម្ម និងលើកកម្ពស់ជីវភាពគ្រួសារកសិករឱ្យមានកំណើនប្រាក់ចំណូលប្រសើរជាងមុន៕

administrator

Related Articles