សិប្បកម្មទឹកកក «នាគមាស» នៅដូនកែវ រងការពិន័យ និងបង្ខំឱ្យកែប្រែ បន្ទាប់ពីល្មើសច្បាប់បរិស្ថាន និងបង្កផលប៉ះពាល់ក្លិនហ្គាស

សិប្បកម្មទឹកកក «នាគមាស» នៅដូនកែវ រងការពិន័យ និងបង្ខំឱ្យកែប្រែ បន្ទាប់ពីល្មើសច្បាប់បរិស្ថាន និងបង្កផលប៉ះពាល់ក្លិនហ្គាស

ខេត្តតាកែវ៖ សិប្បកម្មផលិតទឹកកកយីហោ «នាគមាស» មួយកន្លែង ស្ថិតនៅក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានក្រុមការងារអធិការកិច្ចបរិស្ថាន រកឃើញថាបានដំណើរការអាជីវកម្មដោយគ្មានកិច្ចសន្យាការពារបរិស្ថានត្រឹមត្រូវ និងបានបង្កផលប៉ះពាល់ក្លិនហ្គាសយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋរស់នៅជុំវិញ។

ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋាន បន្ទាប់ពីមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានអំពីបញ្ហាក្លិនហ្គាសចេញពីម៉ាស៊ីនផលិតទឹកកក បានសាយភាយប៉ះពាល់ដល់សុខភាព និងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ។

ក្រោយពីការត្រួតពិនិត្យ លទ្ធផលបានបង្ហាញថា សិប្បកម្មផលិតទឹកកក «នាគមាស» នេះ មិនត្រឹមតែមិនមានកិច្ចសន្យាការពារបរិស្ថានប៉ុណ្ណោះទេ ថែមទាំងមានការលេចធ្លាយក្លិនអាម៉ូញាក់ចេញពីប្រព័ន្ធម៉ាស៊ីនផលិតទឹកកក ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរដល់ច្បាប់ស្តីពីបរិស្ថាន។

ជាវិធានការដំបូង ក្រុមការងារបានចាត់វិធានការពិន័យអន្តរការណ៍ជាបន្ទាន់ ស្របតាមមាត្រា៦៦៨ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ ជាមួយគ្នានេះ ក្រុមហ៊ុនម្ចាស់សិប្បកម្ម ត្រូវបានតម្រូវឱ្យធ្វើការពង្រឹងបច្ចេកទេស និងសុវត្ថិភាពនៅក្នុងទីតាំងសិប្បកម្មទាំងមូលឱ្យបានត្រឹមត្រូវ រួមទាំងការផ្លាស់ប្តូរប្រព័ន្ធបិទបើកឧស្ម័នថ្មី និងទប់ស្កាត់ជាដាច់ខាតកុំឱ្យមានការសាយភាយក្លិនអាម៉ូញាក់ចេញមកក្រៅទៀត។

ក្រសួងបរិស្ថានបានបញ្ជាក់ថា ក្នុងករណីដែលសិប្បកម្ម «នាគមាស» មិនអនុវត្តតាមការណែនាំ និងការសម្រេចខាងលើនេះ ក្រសួងនឹងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែង ហើយអាចឈានដល់ការបិទអាជីវកម្មជាស្ថាពរតែម្តង ដើម្បីធានានូវការការពារបរិស្ថាន និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

administrator

Related Articles