BBC ត្រៀមជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងម្ហូបខ្មែរទៅកាន់ពិភពលោក!

BBC ត្រៀមជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងម្ហូបខ្មែរទៅកាន់ពិភពលោក!

ទីក្រុងឡុងដ៏៖ ក្នុងឱកាសចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នាទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) បានជួបពិភាក្សាការងារយ៉ាងសំខាន់ជាមួយតំណាងបណ្តាញព័ត៌មានអន្តរជាតិ BBC Global News Limited។

ជំនួបនេះបានប្រព្រឹត្តទៅជាមួយលោក John Williams ទទួលបន្ទុកការផ្សាយប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងសិង្ហបុរី និងលោក Nick Kwek ពិធីករកម្មវិធីស្តីពីម្ហូបអាហារជុំវិញពិភពលោក។ ភាគីទាំងពីរបានផ្តោតលើកិច្ចសហប្រតិបត្តិការដើម្បីជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ជាពិសេសគឺការលើកកម្ពស់មុខម្ហូបខ្មែរដ៏ឆ្ងាញ់ពិសាឱ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិ។

លោករដ្ឋមន្ត្រី ហួត ហាក់ ក៏បានឆ្លៀតឱកាសអញ្ជើញអ្នកសារព័ត៌មានទាំងពីររូបនេះ មកបំពេញទស្សនកិច្ចផ្ទាល់នៅព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗខាងមុខ។ គោលបំណងគឺដើម្បីឱ្យពួកគេបានឃើញផ្ទាល់ភ្នែក និងស្វែងយល់កាន់តែស៊ីជម្រៅពីសម្រស់ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ និងម្ហូបអាហារប្លែកៗរបស់កម្ពុជា មុននឹងបន្តជួយផ្សព្វផ្សាយទៅកាន់ប្រជាជនអង់គ្លេស ក៏ដូចជាមហាជនទូទាំងពិភពលោកឱ្យបានជ្រាបកាន់តែទូលំទូលាយ។


ជំនួបនេះត្រូវបានគេរំពឹងថា នឹងរួមចំណែកយ៉ាងធំធេងក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសពីទីផ្សារអឺរ៉ុប ឱ្យមកស្វែងយល់ និងរីករាយជាមួយបទពិសោធន៍ថ្មីៗនៅកម្ពុជា។

ទីក្រុងឡុងដ៍ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយ សិលា

administrator

Related Articles