នៅប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរួមគ្នាជាមួយលោក Cameron Baker ប្រធានស្នងការជំនាញនៃរដ្ឋអូស្ត្រាលីខាងត្បូង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ។ កិច្ចព្រមព្រៀងនេះ នឹងបើកផ្លូវឱ្យសិស្សនិស្សិតកម្ពុជា ដែលកំពុងសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ១-៣ អាចបន្តការសិក្សានៅគ្រឹះស្ថានជំនាញវិជ្ជាជីវៈ និងទទួលបានបទពិសោធន៍ការងារផ្ទាល់រយៈពេល ២ឆ្នាំ តាមរយៈកម្មវិធីហាត់ការនៅរោងជាង ការដ្ឋាន និងកសិដ្ឋាននានាក្នុងរដ្ឋអូស្ត្រាលីខាងត្បូង។ នេះជាឱកាសមាសមួយសម្រាប់យុវជនខ្មែរដើម្បីពង្រឹងសមត្ថភាព និងជំនាញឱ្យកាន់តែប្រសើរឡើង។
ភាគីទាំងពីរបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ និងជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ក៏ដូចជាជួយដល់វិស័យឯកជនក្នុងរដ្ឋអូស្ត្រាលីខាងត្បូង។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចសហការនេះក៏នឹងពង្រីកដល់ការបណ្តុះបណ្តាលសមត្ថភាពគ្រូបង្រៀន ការកសាងកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនឱ្យស្របតាមស្តង់ដារអន្តរជាតិ ជាពិសេសស្តង់ដាររបស់អូស្ត្រាលីផងដែរ។
លោក Cameron Baker បានសង្កត់ធ្ងន់ថា លោកនឹងបង្កើតក្រុមការងារពិសេសមួយ ដើម្បីធានាប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ។ តាមការគ្រោងទុក ការទទួលសិស្សនិស្សិតកម្ពុជាឱ្យចូលរួមក្នុងកម្មវិធីហាត់ការ និងកម្មសិក្សា នឹងចាប់ផ្តើមនៅឆ្នាំ២០២៦ លើមុខជំនាញសំខាន់ៗដូចជា វិស្វកម្មរថយន្ត រថយន្តអគ្គិសនី និងអេឡិចត្រូនិក។ ចាប់ពីឆ្នាំ២០២៧ តទៅ ជំនាញផ្សេងៗទៀតក៏នឹងត្រូវបានបន្ថែមផងដែរ ដើម្បីបំពេញតម្រូវការទីផ្សារការងារ។
កិច្ចសហប្រតិបត្តិការដ៏ត្រចះត្រចង់នេះ គឺជាផ្លែផ្កាដ៏គាប់ប្រសើរមួយដែលកើតចេញពីការចង្អុលបង្ហាញ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អនុសាសន៍ទាំងនេះត្រូវបានផ្តល់ឡើងក្នុងឱកាសដែលលោកស្រី Frances Adamson អភិបាលរដ្ឋអូស្ត្រាលីខាងត្បូង បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ។
ក្នុងដំណើរទស្សនកិច្ចនោះផងដែរ គណៈប្រតិភូកម្ពុជាក៏បានឆ្លៀតឱកាសធ្វើទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ផ្ទាល់នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលល្បីៗមួយចំនួនក្នុងទីក្រុងអាដេឡេដ ប្រទេសអូស្ត្រាលី។ គ្រឹះស្ថានទាំងនោះរួមមាន សាលាបណ្តុះបណ្តាលបច្ចេកទេស Technical and Further Education South Australia, សាលាមធ្យមសិក្សាបច្ចេកទេស Tonsley Technical College, សាលាបណ្តុះបណ្តាលជាងរថយន្តរបស់សមាគមជាង និងអ្នកផ្តល់សេវាថែទាំយានយន្តអូស្ត្រាលី (Motor Trade Association) និងសាលាបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម នៃសាលាបណ្តុះបណ្តាលជំនាញតំបន់។ ការផ្លាស់ប្តូរបទពិសោធន៍នេះនឹងក្លាយជាទុនដ៏សំខាន់សម្រាប់កម្ពុជាក្នុងការកែលម្អប្រព័ន្ធអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ខ្លួន។



ដោយ៖តារា
