អាជ្ញាធរបណ្តេញជនជាតិវៀតណាម ៣៤នាក់ ចេញពីកម្ពុជា តាមច្រកបាវិត ពាក់ព័ន្ធ Online Scams!

អាជ្ញាធរបណ្តេញជនជាតិវៀតណាម ៣៤នាក់ ចេញពីកម្ពុជា តាមច្រកបាវិត ពាក់ព័ន្ធ Online Scams!

ខេត្តស្វាយរៀង៖ អគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ ដោយបានបណ្តេញជនជាតិវៀតណាមសរុប ៣៤នាក់ (ស្រី៣នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា។ ប្រតិបត្តិការនេះបានធ្វើឡើងតាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជនជាតិវៀតណាមទាំង ៣៤នាក់នេះ ត្រូវបានរកឃើញថា បានលួចស្នាក់នៅ និងប្រកបការងារដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺពាក់ព័ន្ធនឹងករណីបទល្មើស ‘Online Scams’ ឬការបោកប្រាស់តាមប្រព័ន្ធអនឡាញ។

លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានចេញបទបញ្ជាណែនាំយ៉ាងម៉ឺងម៉ាត់ ដល់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ឱ្យចាត់ការបណ្តេញជនបរទេសទាំងនេះចេញពីកម្ពុជា ដើម្បីពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍។

នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលព័ត៌មាន និងកិច្ចសហការយ៉ាងជិតស្និទ្ធពីនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការស្រាវជ្រាវ និងឈានទៅដល់ការបង្រ្កាបជនល្មើសទាំងនេះ។

ប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរកម្ពុជា ក្នុងការទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសឆ្លងដែន ក៏ដូចជាធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងប្រទេស។

ដោយ៖ តារា

administrator

Related Articles