កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសពីការចាប់ផ្តើមអភិវឌ្ឍមីស៊ីលគ្រូសដើរដោយថាមពលនុយក្លេអ៊ែរជំនាន់ថ្មី ដែលនឹងមានសមត្ថភាពហោះហើរក្នុងល្បឿនលឿនជាងសំឡេង ជាផ្នែកមួយនៃឃ្លាំងអាវុធយុទ្ធសាស្ត្រដ៏សំខាន់របស់ទីក្រុងមូស្គូ។

ថ្លែងនៅក្នុងពិធីប្រគល់រង្វាន់រដ្ឋនៅវិមានក្រឹមឡាំង ដែលផ្តល់កិត្តិយសដល់អ្នកបង្កើតមីស៊ីល Burevestnik និងដ្រូនក្រោមទឹក Poseidon លោក ពូទីន បានបញ្ជាក់ថា កម្មវិធីថ្មីនេះនឹងបន្តកសាងលើបច្ចេកវិទ្យាប្រព័ន្ធថាមពលនុយក្លេអ៊ែររបស់អាវុធទាំងពីរខាងលើ។
ប្រធានាធិបតីរុស្ស៊ីរូបនេះ បានរៀបរាប់លម្អិតថា៖ «ការអភិវឌ្ឍបានចាប់ផ្តើមលើមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែរជំនាន់ក្រោយហើយ។ ល្បឿនរបស់ពួកវានឹងខ្លាំងជាងល្បឿនសំឡេងបីដង ហើយនៅពេលអនាគត ពួកវានឹងលឿនជាងសំឡេងរហូតដល់ប្រាំដង»។ លោកបានចាត់ទុកគម្រោងនេះថាមាន «សារៈសំខាន់ជាប្រវត្តិសាស្ត្រ» សម្រាប់សន្តិសុខរយៈពេលវែង និងតុល្យភាពយុទ្ធសាស្ត្ររបស់រុស្ស៊ី។

លោក ពូទីន ក៏បានប្រកាសផងដែរថា រុស្ស៊ីកំពុងបង្កើត «អាវុធជំនាន់ថ្មី» ដោយផ្អែកលើអង្គភាពថាមពលស្រដៀងនឹងអ្វីដែលប្រើក្នុង Burevestnik និង Poseidon ដោយបន្ថែមថា ការច្នៃប្រឌិតទាំងនេះនឹងរួមចំណែកដល់ទាំងវិស័យការពារជាតិ និងឧស្សាហកម្មស៊ីវិល។
លោកបានកត់សម្គាល់ថា នាវារបស់អង្គការណាតូបានបង្ហាញវត្តមាននៅក្នុងតំបន់ អំឡុងពេលធ្វើតេស្ត Burevestnik កាលពីថ្ងៃទី២១ ខែតុលា ប៉ុន្តែរុស្ស៊ី «មិនបានជ្រៀតជ្រែកក្នុងប្រតិបត្តិការរបស់ពួកគេឡើយ»។ លោក ពូទីន ធ្លាប់បានបញ្ជាក់ពីមុនថា ការបាញ់សាកល្បងនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធ ខណៈដែលប្រធានអគ្គសេនាធិការ Valery Gerasimov បានរាយការណ៍ថា មីស៊ីលនេះបានហោះចម្ងាយ ១៤ ០០០ គីឡូម៉ែត្រក្នុងរយៈពេល ១៥ ម៉ោង។

មីស៊ីល Burevestnik ដែលត្រូវបានដាក់បង្ហាញជាលើកដំបូងក្នុងឆ្នាំ២០១៨ ត្រូវបានទីក្រុងមូស្គូពណ៌នាថាជា មីស៊ីលរយៈចម្ងាយឆ្ងាយដើរដោយថាមពលនុយក្លេអ៊ែរ ជាមួយនឹងរយៈចម្ងាយស្ទើរតែគ្មានដែនកំណត់ ខណៈដែល Poseidon គឺជាដ្រូនក្រោមទឹកដែលមានសមត្ថភាពនុយក្លេអ៊ែរ។
មេដឹកនាំរុស្ស៊ី បានសង្កត់ធ្ងន់ថា រុស្ស៊ីនៅតែប្តេជ្ញារក្សាស្ថិរភាពជាយុទ្ធសាស្ត្រ ហើយមិនបង្ក «ការគំរាមកំហែង» ដល់ប្រទេសដទៃឡើយ ដោយបន្ថែមថា មហាអំណាចនុយក្លេអ៊ែរផ្សេងទៀតក៏បន្តធ្វើទំនើបកម្មឃ្លាំងអាវុធរបស់ពួកគេផងដែរ។

លោកបានបន្ថែមថា៖ «នៅឆ្នាំនេះ យើងនឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលអន្តរទ្វីប Sarmat ក្នុងការសាកល្បងប្រយុទ្ធ ហើយនៅឆ្នាំក្រោយចូលទៅក្នុងកាតព្វកិច្ចប្រយុទ្ធ»។
ដោយ៖ ឈាង
