ថៃមិនទាន់ដោះលែងយោធិន! កម្ពុជាថាថៃបង្ហាញសកម្មភាពមិនគោរពសេចក្តីថ្លែងការណ៍រួមគួឡាឡាំពួ

ថៃមិនទាន់ដោះលែងយោធិន! កម្ពុជាថាថៃបង្ហាញសកម្មភាពមិនគោរពសេចក្តីថ្លែងការណ៍រួមគួឡាឡាំពួ

ភ្នំពេញ ៖ កម្ពុជាបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញសកម្មភាពរបស់ភាគីថៃ ដែលត្រូវបានគេមើលឃើញថា មិនបានគោរពតាមស្មារតី និងខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគួឡាឡាំពួ។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងថា ថ្នាក់ដឹកនាំថៃទាំងស៊ីវិល និងយោធា បានធ្វើការអត្ថាធិប្បាយជាបន្តបន្ទាប់ ដែលផ្ទុយពីកិច្ចព្រមព្រៀង។

លោក ប៉ែន បូណា បានបន្ថែមថា មន្ត្រីថ្នាក់ដឹកនាំថៃបានយកចំណុចដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីថ្លែងការណ៍រួម មកធ្វើជាលក្ខខណ្ឌក្នុងការដោះលែងយោធិនកម្ពុជាចំនួន ១៨រូប។ លើសពីនេះ ថៃក៏បានបង្កើតលក្ខខណ្ឌថ្មីៗបន្ថែមទៀត ដូចជាការព្រមានប្រើប្រាស់កម្លាំងដណ្តើមយកប្រាសាទតាក្របីជាដើម។

News Image

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះកំពុងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងឡើង និងបង្កការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបាត់បង់ទំនុកចិត្តលើការដោះស្រាយបញ្ហាដោយសន្តិវិធី។ លោកបានដកស្រង់ខ្លឹមសារទី៤ នៃសេចក្តីថ្លែងការណ៍រួមដែលចែងថា៖ «ភាគីទាំងពីរបានឯកភាពគ្នាជៀសវាងការចែកចាយ ឬផ្សព្វផ្សាយព័ត៌មានមិនពិត ការចោទប្រកាន់ ការអះអាងគ្មានភស្តុតាង ឬវោហាសាស្ត្រដែលបង្កគ្រោះថ្នាក់ទាំងតាមបណ្តាញផ្លូវការរដ្ឋាភិបាល ឬវេទិកាក្រៅផ្លូវការដើម្បីបន្ថយភាពតានតឹង កាត់បន្ថយសតិអារម្មណ៍អវិជ្ជមានរបស់សាធារណជន និងលើកកម្ពស់បរិយាកាសអំណោយផលដល់ការសន្ទនាដោយសន្តិវិធី»។

ក្រៅពីការអត្ថាធិប្បាយផ្ទុយពីកិច្ចព្រមព្រៀង អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ក៏បានលើកឡើងថា ភាគីថៃមិនបានគោរពខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមឱ្យបានពេញលេញនោះទេ ព្រោះរហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា ដែលជាថ្ងៃទី១០ ហើយ ថៃនៅតែមិនទាន់បានដោះលែងយោធិនកម្ពុជាទាំង ១៨រូបនៅឡើយ។

អ្នកនាំពាក្យបានអំពាវនាវយ៉ាងទទូចដល់ភាគីថៃ ឱ្យគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវរាល់ខ្លឹមសារដែលមានចែងក្នុងសេចក្តីថ្លែងការណ៍ទីក្រុងគួឡាឡាំពួ។ លោកក៏បានស្នើឱ្យភាគីថៃបញ្ឈប់រាល់ការអត្ថាធិប្បាយណាមួយដែលបង្កភាពតានតឹង និងបញ្ឈប់ការដាក់លក្ខខណ្ឌផ្សេងៗ។

ទោះជាយ៉ាងណា តាមរយៈថ្លែងការណ៍នៅយប់ថ្ងៃទី៥ ខែវិច្ឆិកា លោក ប៉ែន បូណា ក៏បានកត់សម្គាល់ផងដែរពីការអនុវត្តត្រឹមត្រូវមួយចំនួនក្រោយកិច្ចព្រមព្រៀងសន្តិភាពនៅគូឡាឡាំពួ ក្រោមវត្តមានលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម។ ការអនុវត្តទាំងនោះរួមមានការឯកភាពគ្នាដកអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ ក្នុងដំណាក់កាលជាក់លាក់ ដោយរាប់ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា៕

administrator

Related Articles