ភ្នំពេញ៖ យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្ងៃនេះ បណ្តាខេត្ត និងរាជធានីភ្នំពេញ អាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
ក្រសួងសូមជម្រាបជូនសាធារណជនអំពីស្ថានភាពធាតុអាកាសនៅទូទាំងព្រះរាជាណាចក្រកម្ពុជា សម្រាប់ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដូចតទៅ៖
ព្យុះទី២៥ ដែលមានឈ្មោះថា កាលម៉េហ្គី (Kalmaegi) ដែលមានទីតាំងនៅសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះសង្ឃរា ហើយកំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រអានដាម៉ែន សមុទ្រចិនខាងត្បូង សមុទ្រកម្ពុជា អាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជាទាំងមូល។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥៖
**១-តំបន់វាលទំនាប៖**
* សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និងសីតុណ្ហភាពមធ្យមអតិបរមា ២៩°C។
* ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។
* ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២០%។
**២-តំបន់ខ្ពង់រាប៖**
* សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និងសីតុណ្ហភាពមធ្យមអតិបរមា ២៨°C។
* ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។
* ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥%។
**៣-តំបន់មាត់សមុទ្រ៖**
* សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និងសីតុណ្ហភាពមធ្យមអតិបរមា ២៨°C។
* ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។
* ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៣០%។
* រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាទទួលជ្រាប និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។
ដោយ សិលា
