ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង «កាលម៉េហ្គី (Kalmaegi)» នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងគួរឱ្យព្រួយបារម្ភរហូតដល់យ៉ាងហោចណាស់ ១១៤ នាក់ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ខណៈដែលមនុស្ស ១២៧ នាក់ទៀតនៅតែបន្តបាត់ខ្លួន ដែលបង្កការព្រួយបារម្ភយ៉ាងខ្លាំង។ (រូបថត៖ Reuters) សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Bernardo Rafaelito Alejandro IV អនុប្រធានការិយាល័យការពារជនស៊ីវិល បានបញ្ជាក់ថា ការស្លាប់ភាគច្រើនត្រូវបានរាយការណ៍នៅក្នុងខេត្ត Cebu ជាទីដែលទទួលរងឥទ្ធិពលខ្លាំងដោយសារភ្លៀងធ្លាក់ជោកជាំ បង្កឱ្យមានទឹកជំនន់ភ្លាមៗ និងហូហៀរចេញពីទន្លេ។ លោកបានបន្ថែមថា យ៉ាងហោចណាស់មនុស្ស៧១នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់ ៦៥នាក់បាត់ខ្លួន និង៦៩នាក់រងរបួសនៅក្នុងខេត្តនេះ។

អ្នកជំនាញឧតុនិយមបានឱ្យដឹងថា ព្យុះ«កាលម៉េហ្គី» បានបោកបក់កាត់ចំកណ្តាលប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារ មុននឹងបន្តដំណើរឆ្លងកាត់តំបន់ Palawan និងចូលទៅក្នុងសមុទ្រចិនខាងត្បូងកាលពីថ្ងៃពុធ ដោយឆ្ពោះទៅកាន់ប្រទេសវៀតណាម។
ក្នុងចំណោមជនរងគ្រោះ ក៏មានសមាជិកកងកម្លាំងអាកាសចំនួន ៦ នាក់ផងដែរ ដែលបានបាត់បង់ជីវិតនៅពេលដែលឧទ្ធម្ភាគចក្ររបស់ពួកគេបានធ្លាក់ក្នុងខេត្ត Agusan del Sur ខណៈពេលកំពុងបំពេញបេសកកម្មផ្តល់ជំនួយដល់តំបន់រងគ្រោះដោយព្យុះទីហ្វុង។ អាជ្ញាធរកំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ដើម្បីរកមូលហេតុនៃការធ្លាក់យន្តហោះនេះ។

លោកស្រី Pamela Baricuatro អភិបាលខេត្ត Cebu បានថ្លែងថា ទឹកជំនន់បានកើតឡើងដោយគ្មានការព្រមានទុកជាមុន។ លោកស្រីបានប្រាប់សារព័ត៌មាន Associated Press ថា «យើងបានត្រៀមលក្ខណៈគ្រប់យ៉ាងសម្រាប់ព្យុះទីហ្វុង ប៉ុន្តែអ្វីដែលយើងមិនបានរំពឹងទុកនោះគឺទឹកជំនន់ភ្លាមៗនេះ»។ ជាច្រើនឆ្នាំមកនេះ លោកស្រីបានស្តីបន្ទោសទៅលើសកម្មភាពជីកយករ៉ែ និងគម្រោងគ្រប់គ្រងទឹកជំនន់មិនមានប្រសិទ្ធភាព ដែលធ្វើឱ្យគ្រោះមហន្តរាយកាន់តែអាក្រក់ទៅៗ។
សូមជម្រាបថា ប្រទេសហ្វីលីពីនជាមធ្យមត្រូវប្រឈមមុខនឹងព្យុះទីហ្វុង និងខ្យល់ព្យុះប្រមាណ ២០ ដងក្នុងមួយឆ្នាំ រួមជាមួយនឹងការរញ្ជួយដី និងសកម្មភាពភ្នំភ្លើងញឹកញាប់ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមួយដែលងាយរងគ្រោះនឹងគ្រោះមហន្តរាយបំផុតក្នុងពិភពលោក។
