ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលស្រុកស្វាយចេក បានធ្វើប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំមួយ ដោយឃាត់ខ្លួនមុខសញ្ញាចាស់ជួញដូរគ្រឿងញៀនម្នាក់ និងអ្នកប្រើប្រាស់ម្នាក់ទៀត រួមនឹងវត្ថុតាងជាច្រើន។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក។
លោកវរសេនីយ៍ឯក ជា ស្លូញ បានឲ្យដឹងថា នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក សហការជាមួយកម្លាំងប៉ុស្តិ៍តាផូ បានចេញល្បាតនៅចំណុចផ្លូវបំបែកភូមិតាផូ និងភូមិបារាយណ៍ ឃុំតាផូ ស្រុកស្វាយចេក។ ក្នុងពេលកំពុងល្បាត សមត្ថកិច្ចបានប្រទះឃើញមុខសញ្ញាចាស់ជួញដូរគ្រឿងញៀនម្នាក់ ឈ្មោះ វៃ ត្រា ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កំពុងជិះម៉ូតូមកពីទិសខាងត្បូងទៅទិសខាងជើង។ ពេលឃើញសមត្ថកិច្ច ជនសង្ស័យបានបកម៉ូតូត្រឡប់ក្រោយវិញយ៉ាងលឿន ប៉ុន្តែត្រូវបានកម្លាំងយើងដេញតាមរហូតដល់ចំណុចស្រះសហគមន៍ភូមិព្រេចត្បូង ឃុំតាផូ។ នៅទីនោះ ជនសង្ស័យបានដួលម៉ូតូ ហើយព្យាយាមលោតចូលទឹកដើម្បីគេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងយើងតាមចាប់ខ្លួនបានភ្លាមៗ រួមទាំងវត្ថុតាងម្សៅក្រាមពណ៌សចំនួន ០២កូនថង់ និង១៣កំណាត់ទុយោបឺត ដែលសុទ្ធតែមានលក្ខណៈសើម និងតេស្តឃើញវិជ្ជមាន (+).

លោកអធិការបានបន្តថា មិនទាន់អស់នៅឡើយទេ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៩ និង ៣០ នាទី មានអ្នកប្រើប្រាស់គ្រឿងញៀនម្នាក់បានខលមកកាន់ឈ្មោះ វៃ ត្រា ដើម្បីទិញថ្នាំញៀនក្នុងតម្លៃ ១៥,០០០រៀល។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានបន្តទៅនាំខ្លួនអ្នកប្រើប្រាស់ម្នាក់នោះបាននៅចំណុចលើខ្នងអាងបារាយណ៍ ភូមិបារាយណ៍ ឃុំតាផូ ស្រុកស្វាយចេក។ ជននោះមានឈ្មោះ សិទ្ធិ ភក្តណា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិបន្ទាត់បោះ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលធ្វើតេស្តក៏ឃើញវិជ្ជមាន (+) ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់កំពុងត្រូវបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់៕
