ខេត្តសៀមរាប៖ ស្របពេលពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាថ្ងៃទី២ នៃបុណ្យជាតិ ទីរមណីយដ្ឋានអង្គរបានស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់ម៉ឺននាក់យ៉ាងកក់ក្តៅ។ វត្តមានភ្ញៀវយ៉ាងច្រើនកុះករនេះ បានធ្វើឱ្យទឹកដីពិសិដ្ឋអង្គរប្រៀបដូចជាការជួបជុំមហាគ្រួសារខ្មែរ ហើយក្នុងចំណោមនោះ មានភ្ញៀវមួយចំនួនទើបបានមកទស្សនាជាលើកដំបូងក្នុងជីវិតទៀតផង។ នេះបើតាមការប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី០៥ ខែវិច្ឆិកានេះ។



យុវជនម្នាក់មកពីខេត្តកំពង់ស្ពឺ ដែលឆ្លៀតឱកាសថ្ងៃឈប់សម្រាកបុណ្យជាតិមកទស្សនាអង្គរជាលើកដំបូង បានសម្តែងអារម្មណ៍រំភើបត្រេកត្រអាលឥតឧបមា នៅពេលបានឃើញសំណង់ប្រាសាទបុរាណដ៏អស្ចារ្យ លាយឡំនឹងទេសភាពវាលស្មៅខៀវស្រងាត់ និងរុក្ខជាតិពណ៌បៃតងដ៏ស្រស់ត្រកាល។



ចំណែកលោក ឃី សុខ ភ្ញៀវទេសចរម្នាក់ទៀត ក៏បង្ហាញក្តីរីករាយដូចគ្នា ដោយឃើញប្រជាពលរដ្ឋខ្មែរ និងភ្ញៀវចម្រុះជាតិសាសន៍រាប់ម៉ឺននាក់ មកកម្សាន្តអង្គរក្នុងរយៈពេល៣ថ្ងៃនេះ។ លោកក៏បានអំពាវនាវដល់អ្នកទេសចរទាំងអស់ ឱ្យចេះយោគយល់អធ្យាស្រ័យគ្នា ថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួនដោយប្រុងប្រយ័ត្ន និងប្រុងប្រយ័ត្នពេលធ្វើដំណើរនៅតាមចំណុចមានមនុស្សកកកុញ។




ដោយឡែកលោកយាយ ផុន រ៉េត អាយុ៧៤ឆ្នាំ ជាពលរដ្ឋមកពីខេត្តកណ្ដាល ដែលធ្លាប់មកអង្គរចំនួន៤លើករួចមកហើយ បានមានប្រសាសន៍ថា ការមកទស្សនាលើកនេះ លោកយាយឃើញទេសភាពវាលស្មៅ ព្រៃឈើ និងផ្លូវដើរថ្មើរជើងមានសភាពស្រស់ស្អាត មានរបៀបរៀបរយ និងងាយស្រួលធ្វើដំណើរជាងមុន គឺដោយសារការរៀបចំកែលម្អយ៉ាងល្អពីអាជ្ញាធរជាតិអប្សរា។ លោកយាយបន្ថែមថា នេះជាលើកទី១ ហើយដែលលោកយាយបានមកទស្សនាអង្គរចំថ្ងៃបុណ្យមានមនុស្សកកកុញបែបនេះ ដែលធ្វើឱ្យលោកយាយមានអារម្មណ៍សប្បាយរីករាយប្លែកពីពេលមុនៗ។ ក្នុងឱកាសនេះ លោកយាយក៏បានអំពាវនាវឱ្យពលរដ្ឋខ្មែរទាំងអស់ជួយថែរក្សាសណ្ដាប់ធ្នាប់ឱ្យបានល្អ ព្រោះប្រាង្គប្រាសាទជាទីសក្ការបូជា។




គ្រូបង្រៀនម្នាក់ទៀតមកពីសាលាប៊ែលធី រាជធានីភ្នំពេញ បានរៀបរាប់ថា គាត់ទើបតែបានឃើញអង្គរវត្តជាលើកដំបូងក្នុងជីវិត ហើយបានសម្ដែងនូវក្ដីរីករាយ ត្រេកអរ និងស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះប្រាង្គប្រាសាទបុរាណដ៏អស្ចារ្យ និងបរិស្ថានស្រស់ស្អាតក្នុងតំបន់អង្គរ ដែលស័ក្តិសមជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ទេសចររូបនេះក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាទេសចរគ្រប់រូប ឱ្យជួយចូលរួមថែរក្សាបរិស្ថាន រក្សាសណ្ដាប់ធ្នាប់ ដោយចោលសំរាមឱ្យបានត្រឹមត្រូវ ក្នុងបំណងរួមគ្នាជួយលើកតម្លៃរមណីយដ្ឋានអង្គរដ៏មានតម្លៃរបស់យើង។



