ខេត្តកំពង់ឆ្នាំង៖ ប្រពៃណី «សំពះព្រះខែ និងអកអំបុក» គឺជាពិធីបុរាណមួយ ដែលត្រូវបានរក្សាទុកយ៉ាងខ្ជាប់ខ្ជួននៅតាមទីអារាមមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង។ ជារៀងរាល់ឆ្នាំ គណៈកម្មការអាចារ្យវត្តតែងតែដឹកនាំពុទ្ធបរិស័ទប្រារព្ធពិធីដ៏មានអត្ថន័យនេះឡើង នៅថ្ងៃ១៥កើត ខែកត្តិក។ នេះបើយោងតាមការប្រកាសរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី០៥ ខែវិច្ឆិកា។
បើតាមប្រសាសន៍លោកយាយ លោកតា ដែលបានចូលរួមក្នុងពិធីនេះ បានឱ្យដឹងថា ក្រៅពីអំបុក ចេកទុំ និងផ្លែដូង គេក៏ត្រូវរៀបចំផ្លែឈើជាច្រើនមុខទៀតផងដែរ ប្រសិនបើមាន។ អ្វីដែលពិសេសនោះ មុននឹងចាប់ផ្តើមពិធីអកអំបុក អ្នកចូលរួមទាំងអស់ត្រូវរង់ចាំរហូតដល់ព្រះចន្ទរះចំពីលើក្បាលទើបនាំគ្នាក្តាប់អំបុកយកទៅបង្អកជូនចាស់ព្រឹទ្ធាចារ្យ អ្នកមានគុណ មិត្តភក្តិ ឬអ្នកដទៃទៀត ដែលបានមកចូលរួមក្នុងពិធីដ៏រីករាយនេះ។
ងាកមកមើលពីប្រពៃណីនៃការដាល់អំបុកវិញ ប្រជាពលរដ្ឋតែងតែយកស្រូវស្រស់មកលីងក្នុងអំបែង ឬខ្ទះ រហូតដល់ស្រូវចាប់ផ្តើមផ្ទុះម្តងមួយៗ រួចចាក់ស្រូវដែលលីងរួចនោះចូលទៅក្នុងត្បាល់ ហើយចាប់ផ្តើមដាល់ដោយប្រើមនុស្សម្នាក់ ឬពីរនាក់។ នៅពេលដែលអំបុកពៀចសំប៉ែតល្អ និងខ្ចាត់សំបកស្រូវចេញអស់ ទើបឈប់ដាល់ ហើយបារដាក់ចង្អេរយកទៅអុំ ដើម្បីយកសំបកស្រូវចេញឱ្យស្អាត។ ជាទូទៅ គេនិយមទទួលទានអំបុកដោយការអក ឬញ៉ាំជាមួយចេកទុំ និងទឹកដូងខ្ចី ដែលជាការផ្សំរសជាតិដ៏ឈ្ងុយឆ្ងាញ់។
និយាយពីអត្ថន័យនៃពិធីអកអំបុកនេះ ប្រជាជនខ្មែរតែងតែប្រារព្ធធ្វើឡើងក្នុងឱកាសព្រះរាជពិធីបុណ្យនេះ ដើម្បីរំលឹកដល់ព្រះពោធិសត្វ ដែលបានយ័កកំណើតជាទន្សាយ បានលះបង់អាយុសង្ខារក្នុងការបំពេញបារមីទានដល់ឥន្ទ្រព្រាហ្មណ៍។ នេះបើយោងតាមគេហទំព័រទ្រឹស្តីពុទ្ធចក្រ ដែលបានបញ្ជាក់ពីសារៈសំខាន់នៃពិធីបុណ្យប្រពៃណីជាតិខ្មែរមួយនេះ។ 
