ប.ស.ស. កម្ពុជា ឆក់បានពានរង្វាន់នវានុវត្តន៍លំដាប់អាស៊ាន សម្រាប់ការទាមទារអត្ថប្រយោជន៍តាម App!

ប.ស.ស. កម្ពុជា ឆក់បានពានរង្វាន់នវានុវត្តន៍លំដាប់អាស៊ាន សម្រាប់ការទាមទារអត្ថប្រយោជន៍តាម App!

ព្រុយណេ ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលពានរង្វាន់អង្គភាពឆ្នើមផ្នែកនវានុវត្តន៍ដ៏ល្បីល្បាញ ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤២ ដែលប្រព្រឹត្តទៅនៅប្រទេសព្រុយណេ។ ពានរង្វាន់នេះ គឺសម្រាប់ស្នាដៃឆ្នើមរបស់ ប.ស.ស. លើ “ការដាក់ឯកសារទាមទារតាវកាលិកតាមរយៈកម្មវិធីទូរស័ព្ទ (Online Benefit Claim through NSSF Member App)” ដែលបានជួយសម្រួលដល់ការងាររបស់ពលរដ្ឋកម្ពុជាយ៉ាងច្រើន។
NSSF Award Ceremony
ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញឡើងទទួលពានរង្វាន់ដ៏មានតម្លៃនេះផ្ទាល់ពី លោក Jose Arnulfo A. Veloso ប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) សម្រាប់ឆ្នាំ២០២៤-២០២៥ និងជាប្រធានអង្គភាពសន្តិសុខសង្គមសម្រាប់មន្រ្តីរដ្ឋាភិបាល (GSIS) នៃប្រទេសហ្វ៊ីលីពីន។ នេះជាការបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់ ប.ស.ស. ក្នុងការបម្រើសេវាសាធារណៈ។
H.E. Dr. Heng Sophannarith receiving award
គួររំលឹកផងដែរថា គិតទាំងលើកនេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានទទួលពានរង្វាន់អង្គភាពឆ្នើមចំនួន ១០លើកហើយពីសមាគម ASSA ដែលបង្ហាញពីភាពរីកចម្រើនឥតឈប់ឈរក្នុងការអនុវត្តរបបសន្តិសុខសង្គមជូនប្រជាពលរដ្ឋ។
ASSA Meeting
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤២ នេះ ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៤-២០២៥ របស់សមាគម ASSA ព្រមទាំងដាក់ចេញនូវផែនការសកម្មភាពការងារបន្តសម្រាប់ឆ្នាំ២០២៥-២០២៦ របស់សមាគមផងដែរ។ នេះជាវេទិកាដ៏សំខាន់មួយសម្រាប់ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
ASSA Board
ក្នុងឱកាសដ៏មហោឡារិកនោះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងឱ្យឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើ ការសន្យាប្រកបដោយចីរភាពរបស់សមាគម ASSA ដែលជាការបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍វិស័យសន្តិសុខសង្គមប្រកបដោយនិរន្តរភាព។
Signing Ceremony
សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើ បានប្រព្រឹត្តទៅនៅទីក្រុងបានដាស៊េរីបេហ្កាវ៉ាន់ នៃប្រទេសព្រុយណេ ដែលរៀបចំដោយមូលនិធិសោធនិវត្តន៍សម្រាប់កម្មករនិយោជិត (ETF) នៃប្រទេសព្រុយណេ។ ETF គឺជាប្រធានផ្លាស់វេននៃសមាគម ASSA បន្ទាប់ពីអង្គភាពសន្តិសុខសង្គមសម្រាប់មន្ត្រីរដ្ឋាភិបាល (GSIS) នៃប្រទេសហ្វ៊ីលីពីន។ ព្រឹត្តិការណ៍នេះមានការចូលរួមយ៉ាងផុសផុលពីតំណាងស្ថាប័នសន្តិសុខសង្គមជាសមាជិកនៃសមាគម ASSA ចំនួន ២០ស្ថាប័ន ដែលមកពីបណ្តាប្រទេសអាស៊ានទាំង ១០ ៕ អត្ថបទសហការ
Group Photo
ASSA Delegates

administrator

Related Articles