(វ៉ាស៊ីងតោន ឌីស៊ី)៖ នាឱកាសបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅសហរដ្ឋអាម៉េរិក កាលពីរសៀលថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា រួមមានថ្នាក់ដឹកនាំមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងលោកឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក និងម៉ិកស៊ិកូ និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដើម្បីជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Pfizer ដែលជាក្រុមហ៊ុនស្រាវជ្រាវ និងផលិតឱសថឈានមុខគេមួយលើពិភពលោក។ ជំនួបដ៏សំខាន់នេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្សារភ្ជាប់វិស័យឱសថ និងសុខាភិបាលរបស់កម្ពុជា ជាមួយបច្ចេកវិទ្យា និងស្តង់ដាអន្តរជាតិរបស់ Pfizer។
ជាការចាប់ផ្ដើម ថ្នាក់ដឹកនាំក្រុមហ៊ុន Pfizer បានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញវិស័យសុខាភិបាល។ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ Pfizer ក៏បានបង្ហាញឆន្ទៈបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាក់ព័ន្ធ ដើម្បីសិក្សាពីលទ្ធភាពពង្រីកសកម្មភាពអាជីវកម្មនៅកម្ពុជា ជាពិសេសលើការផ្គត់ផ្គង់ឱសថសំខាន់ៗក្នុងលក្ខខណ្ឌពិសេស និងការគាំទ្រដល់កម្មវិធីសុខភាពសាធារណៈនានា។ 
ឆ្លើយតបទៅនឹងចំណាប់អារម្មណ៍នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីឆន្ទៈដ៏មុតមាំក្នុងការធ្វើការរួមគ្នា ដើម្បីធានាថាផលិតផលរបស់ Pfizer អាចចូលទៅដល់ទីផ្សារកម្ពុជាបានកាន់តែឆាប់រហ័ស និងទូលំទូលាយ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកឡើងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកនាពេលថ្មីៗនេះ ដែលនឹងបង្កើតបរិយាកាសអំណោយផលកាន់តែប្រសើរសម្រាប់ប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើដល់ក្រុមហ៊ុន Pfizer ឱ្យពិនិត្យលទ្ធភាពក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ការវិនិយោគលើវិស័យសុខាភិបាល ការផលិតឱសថ និងបច្ចេកវិទ្យាជីវសាស្ត្រ (Biotechnology) នឹងទទួលបានការលើកទឹកចិត្តយ៉ាងពិសេស ស្របតាមច្បាប់វិនិយោគថ្មីរបស់កម្ពុជា។
បន្ថែមពីនេះ ឯកឧត្តម ក៏បានជំរុញឱ្យក្រុមហ៊ុនបន្តខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងផ្ទេរចំណេះដឹងផ្នែកឱសថសាស្ត្រទៅដល់ប្រជាជនកម្ពុជាផងដែរ។

ដោយ ៖ សិលា
