រាជធានីភ្នំពេញ ៖ ដើម្បីធានាបាននូវការដោះស្រាយបញ្ហាជូនបងប្អូនកម្មករ-និយោជិតបានទាន់ពេលវេលា ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមទាំងក្រុមអន្តរាគមន៍ និងក្រុម ១២៩៧ បានបន្តប្រចាំការទាំងនៅទីស្ដីការក្រសួង និងមន្ទីរការងារនៅទូទាំង ២៥រាជធានី-ខេត្ត។ ការប្រចាំការនេះ បានចាប់ផ្ដើមតាំងពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលជាថ្ងៃទី២ នៃពិធីបុណ្យ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់នៅថ្ងៃទី ៤ ខែវិច្ឆិកាថា ទោះបីជាអំឡុងពេលពិធីបុណ្យអុំទូកជាថ្ងៃឈប់សម្រាកក៏ដោយ ក៏ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង បានដាក់បទបញ្ជាឱ្យមន្ត្រីទាំងអស់ បន្តប្រចាំការ ដើម្បីត្រៀមអន្តរាគមន៍ និងសម្របសម្រួលរាល់បញ្ហាប្រឈមនានា ដែលអាចកើតមានឡើងជាយថាហេតុចំពោះបងប្អូនកម្មករ-និយោជិត។

អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា ការប្រចាំការរបស់មន្ត្រីជំនាញទាំងអស់ នឹងបន្តរហូតដល់ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក ដើម្បីធានាថា រាល់ការលំបាករបស់បងប្អូនកម្មករ-និយោជិត នឹងត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័សបំផុត។

