ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ (លេងបៀរ) មួយកន្លែងយ៉ាងកក្រើក កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២២នាក់ ក្នុងនោះមានជនជាតិចិន៧នាក់ផងដែរ។

ការចុះបង្ក្រាបនេះ គឺធ្វើឡើងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ។ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ស្រាលនៃស្នងការដ្ឋាន បានឆ្មក់ចូលទៅដល់ទីតាំងល្បែងមួយនេះ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤។

មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ក្នុងចំណោមអ្នកលេងល្បែងទាំង២២នាក់ ដែលត្រូវបានឃាត់ខ្លួននោះ មានស្រី១២នាក់ និងជនជាតិចិន៧នាក់ (ស្រី១នាក់)។ ក្រោយប្រតិបត្តិការ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើនរួមមាន៖ តុសម្រាប់លេងបៀរចំនួន០៣, កៅអីចំនួន២០, កាក់ដូរលុយចំនួន២៣០កាក់, ទូរស័ព្ទដៃចំនួន២០គ្រឿង, បៀរចំនួន០២កេស ស្មើនឹង៣៣៦ហ៊ូរ, រថយន្តចំនួន០១គ្រឿង, ម៉ូតូចំនួន០៤គ្រឿង រួមទាំងសម្ភារ និងប្រាក់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ រួមទាំងវត្ថុតាង ត្រូវបាននាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕





