ភ្នំពេញ៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ក្នុងរយៈពេល ១០ខែ គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥ ក្រសួងបានទប់ស្កាត់ការបញ្ចេញសំណល់រាវបំពុលបរិស្ថានពីសំណាក់រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា បានជិត ១៦លានម៉ែត្រគូប (១៥ ៨៩៤ ៤៥០ ម៉ែត្រគូប) ស្របតាមវិធានការច្បាប់។ ក្នុងនោះ សម្រាប់តែខែតុលា ឆ្នាំ២០២៥ ក្រសួងបានទប់ស្កាត់សំណល់រាវប្រមាណ ២លានម៉ែត្រគូប មិនឱ្យហូរចូលបំពុលបរិស្ថានឡើយ។ 
លោក ខ្វៃ អាទិត្យា បានបន្តបញ្ជាក់ថា ជោគជ័យនេះ កើតចេញពីគោលនយោបាយ និងយុទ្ធសាស្ត្រច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងបំណងទប់ស្កាត់ និងកាត់បន្ថយការបំពុលទឹកសាធារណៈ។ ស្របគ្នានេះ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក៏បានកំណត់សសរស្តម្ភសំខាន់ៗចំនួន ៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព។ 
ពាក់ព័ន្ធនឹងសសរស្តម្ភ «ភាពស្អាត» អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ក្រសួងបាននិងកំពុងផ្សព្វផ្សាយ ដាក់ចេញយុទ្ធនាការ និងអនុវត្តសកម្មភាពនានា ដើម្បីធានាបាននូវភាពស្អាតទាំងលើដី ក្នុងទឹក និងលើមេឃ។ សម្រាប់ភាពស្អាតក្នុងទឹក ក្រសួងបានផ្តោតលើយុទ្ធនាការទប់ស្កាត់ការបញ្ចេញសំណល់រាវបំពុលតំបន់ទឹកសាធារណៈ និងបរិស្ថាន។ ជាក់ស្តែង ម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុនជាច្រើន បានចូលរួមបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ដើម្បីរួមចំណែកទប់ស្កាត់ការបំពុលទឹកសាធារណៈ ដែលជះឥទ្ធិពលដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ។ 
លោក ខ្វៃ អាទិត្យា ក៏បានលើកឡើងថា ការទប់ស្កាត់ការបញ្ចេញសំណល់រាវបំពុលបរិស្ថាន គឺត្រូវបានចែងយ៉ាងច្បាស់នៅក្នុងច្បាប់ជាធរមានរបស់កម្ពុជា ពិសេសក្រមបរិស្ថាន និងធនធានធម្មជាតិ។ មាត្រា ១៧៨, ២៨៧, ២៨៨, ៨២៩ និង ៨៤៥ សុទ្ធតែបានចែងអំពីការគ្រប់គ្រងសំណល់ និងទឹកកខ្វក់ ព្រមទាំងការដាក់ទណ្ឌកម្មចំពោះការបញ្ចេញសារធាតុបំពុលខុសស្តង់ដារ។ ក្រៅពីនេះ នៅមានបទដ្ឋានគតិយុត្តជាច្រើនទៀត ដែលបានចូលជាធរមាន ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការបំពុលទឹកសាធារណៈ។ 
សូមជម្រាបថា មកទល់ខែតុលា ឆ្នាំ២០២៥នេះ រោងចក្រ សហគ្រាស និងក្រុមហ៊ុនចំនួន ៦១ទីតាំង បានចុះកិច្ចសន្យា ដោយក្នុងនោះ ៤៨ទីតាំង បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ នៅតាមទីតាំងរៀងៗខ្លួនរួចហើយ៕ ដោយ៖ តារា 
