រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងកាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិស្រែតេជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីរថយន្តដឹកទំនិញធុនធំពីរគ្រឿងបានបុកគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងអ្នកបើកបរទាំងសងខាងរងរបួសធ្ងន់ស្រាល ។ ហេតុការណ៍នេះក៏បានបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងអស់រយៈពេលជាច្រើនម៉ោងផងដែរ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកទំនិញរបស់ក្រុមហ៊ុនពិភពដឹកជញ្ជូនមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពត ៣A-០៨៦៣ បានធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីត្បូងទៅជើង ។

លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តប្រភេទយីឌុបមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយត្រួយចេក ពាក់ស្លាកលេខភ្នំពេញ ៣C-៤៣៧៥ របស់ក្រុមហ៊ុន LOGISTIC CO.LTD ដែលកំពុងបើកបរចេញពីឃ្លាំងបត់ឆ្លងផ្លូវពេញទំហឹង ។ ភ្លាមនោះ រថយន្តរបស់ក្រុមហ៊ុនពិភពដឹកជញ្ជូនបានបុកចំទ្វាររថយន្តយីឌុបបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតធ្ងន់ធ្ងរនៅកណ្ដាលផ្លូវ ។

បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តទាំងសងខាងដែលរងរបួស ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជាបន្ទាន់ ។ ដោយឡែករថយន្តទាំងពីរគ្រឿងដែលខូចខាតបានឈប់នៅទទឹងផ្លូវបានបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងគំហុកអស់ជាច្រើនម៉ោង ។

ភ្លាមៗនោះ កម្លាំងនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះមកដល់ទីតាំងកើតហេតុដើម្បីជួយសម្រួលចរាចរណ៍រហូតដល់យប់ជ្រៅ ។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងថា ភាគីខាងណានឹងទទួលខុសត្រូវក្នុងការដោះស្រាយសំណងការខូចខាតនេះនៅឡើយទេ ។

