រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា បានសម្តែងនូវក្តីរីករាយយ៉ាងក្រៃលែងចំពោះបរិយាកាសអធិកអធមនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១ នៃពិធី។ ពិធីបុណ្យជាតិដ៏សំខាន់នេះ បាននាំមកនូវភាពសប្បាយរីករាយ និងទាក់ទាញយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនកុះករ។

តាមបណ្តារមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តព្រះសីហនុ ត្រូវបានរៀបចំយ៉ាងស្រស់ស្អាត មានសណ្តាប់ធ្នាប់ និងប្រកបដោយអនាម័យខ្ពស់ ដើម្បីត្រៀមស្វាគមន៍ និងបម្រើជូនភ្ញៀវទេសចរយ៉ាងពេញលេញ។ ភាពរីករាយ និងភាពអធិកអធមនៃពិធីបុណ្យនេះ មិនត្រឹមតែជាឱកាសនៃការកម្សាន្តសប្បាយប៉ុណ្ណោះទេ តែថែមទាំងជាការបង្ហាញយ៉ាងច្បាស់អំពីការថែរក្សានិងលើកស្ទួយនូវប្រពៃណីវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរយើង។

ក្រោមម្លប់សន្តិភាពដ៏គត់មត់ ប្រជាពលរដ្ឋខ្មែរគ្រប់រូបបានចូលរួមអបអរសាទរពិធីបុណ្យនេះក្នុងលក្ខណៈជាមហាគ្រួសារខ្មែរតែមួយ បង្ហាញពីសាមគ្គីភាព និងភាពសុខដុមរមនាក្នុងសង្គមជាតិ។



