ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញមុខអំពាវនាវយ៉ាងទទូចដល់ក្រុមយុវជន ដែលនិយមបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈក្នុងមូលដ្ឋានខេត្ត ឱ្យបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់។ សកម្មភាពទាំងនេះ អាចបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ និងធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈយ៉ាងធ្ងន់ធ្ងរ។

លោកស្នងការបានសង្កត់ធ្ងន់ថា៖ «មកលេងសប្បាយដូចបងប្អូនប្រជាពលរដ្ឋទូទៅ កុំមកបង្ហោះម៉ូតូ។ ផ្តាំទៅក្មួយៗផ្សេងៗទៀតផង កុំចង់សាកល្បងអី តាមទាន់គឺបែបនេះហើយ»។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីមានករណីក្មេងៗបង្ហោះម៉ូតូនៅតំបន់ឡើងភ្នំបូកគោ ដែលត្រូវបានរាយការណ៍ដោយប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរមកលេងកម្សាន្តនៅខេត្តកំពត និងបានសហការរាយការណ៍អំពីករណីទាំងនេះ។ លោកបានបញ្ជាក់ទៀតថា ខណៈដែលប្រជាពលរដ្ឋដទៃមកលេងកម្សាន្តសប្បាយ ក្រុមយុវជនមួយចំនួនបែរជាមកបង្ហោះម៉ូតូ បង្កភាពអនាធិបតេយ្យ និងប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ។

«ទៅវិញជិះតាក់ស៊ីម៉ូតូពូទុកបីខែសិន អូភ្លេចសក់វែងហើយចាំពូកាត់សក់ឱ្យ» លោកស្នងការបានថ្លែងបែបលេងសើចលាយឡំនឹងការព្រមាន ដោយបញ្ជាក់ពីវិធានការច្បាប់ដ៏តឹងរ៉ឹងចំពោះអ្នកដែលនៅតែបន្តប្រព្រឹត្តបទល្មើសនេះ។






