កាប់បងប្អូន២នាក់របួសធ្ងន់! ក្មេងទំនើង៤នាក់នៅស្រុកមោងឫស្សី ត្រូវបានឃាត់ខ្លួន

កាប់បងប្អូន២នាក់របួសធ្ងន់! ក្មេងទំនើង៤នាក់នៅស្រុកមោងឫស្សី ត្រូវបានឃាត់ខ្លួន

បាត់ដំបង៖ កម្លាំងនគរបាលស្រុកមោងឫស្សី ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ស គឹមឡុង អធិការ បានឃាត់ខ្លួនក្មេងទំនើង ៤ នាក់ កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ២ នាក់ បណ្តាលឱ្យរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង ២១:៣០ នាទី នៅលើផ្លូវក្នុងភូមិបឹងបី ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ សកម្មភាពនេះធ្វើឡើងតាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

ជនរងគ្រោះទាំងពីរនាក់ជាបងប្អូនបង្កើតនឹងគ្នា រួមមាន៖ ១-ឈ្មោះ ថាំង លីម៉េង ភេទប្រុស អាយុ ១៦ ឆ្នាំ និង ២-ឈ្មោះ ថាំង លីម៉ ភេទប្រុស អាយុ ១៨ ឆ្នាំ អ្នកទាំងពីររស់នៅភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

លោកអធិការ ស គឹមឡុង បានបញ្ជាក់បន្ថែមថា ក្មេងទំនើងទាំង ៤ នាក់នេះ ៣ នាក់រស់នៅក្នុងមូលដ្ឋានស្រុកមោងឫស្សី និងម្នាក់ទៀតរស់នៅស្រុករុក្ខគីរី។ សមត្ថកិច្ចបានដកហូតកាំបិតចំនួន ២ ដើម និងម៉ូតូដែលពួកគេជិះធ្វើសកម្មភាពផងដែរ។

លោកអធិការបានបន្តទៀតថា ករណីនេះមិនមែនជាគំនុំ ទំនាស់ ឬការយល់ច្រឡំនោះទេ គឺក្រុមជនបង្កបានជិះម៉ូតូប្រទះឃើញជនរងគ្រោះទាំង ២ នាក់ជិះម៉ូតូនៅលើផ្លូវស្ងាត់ ក៏ធ្វើសកម្មភាពកាប់តែម្តង។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯជនបង្កហេតុទាំង ៤ នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅផែនជំនាញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

administrator

Related Articles