កូរ៉េខាងជើង​តវ៉ា​ដាច់ណាត់! ទណ្ឌកម្មអាមេរិក​ជា​ភស្តុតាង​នៃ​ចរិត​អរិភាព

កូរ៉េខាងជើង​តវ៉ា​ដាច់ណាត់! ទណ្ឌកម្មអាមេរិក​ជា​ភស្តុតាង​នៃ​ចរិត​អរិភាព

នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកានេះ កូរ៉េខាងជើងបានចេញមុខថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌកម្មថ្មីបំផុតរបស់សហរដ្ឋអាមេរិក ដែលបានតម្រង់គោលដៅទៅលើបុគ្គល និងស្ថាប័ននានា ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។ ទីក្រុងព្យុងយ៉ាងបានអះអាងថា ទង្វើនេះគឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី «ចរិតអាក្រក់របស់ទីក្រុងវ៉ាស៊ីនតោន ដែលចង់បង្កជម្លោះ» ជាមួយខ្លួន។

ការថ្កោលទោសរបស់កូរ៉េខាងជើងនេះ កើតមានឡើងបន្ទាប់ពីក្រសួងរតនាគារអាមេរិកបានប្រកាសដាក់ទណ្ឌកម្មទៅលើបុគ្គល ៨ នាក់ និងអង្គភាព ២ ទៀត ដែលត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ពីគម្រោងខុសច្បាប់របស់កូរ៉េខាងជើង។ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា ក្រុម Hacker ទាំងនោះបានប្រតិបត្តិការក្រោមការឧបត្ថម្ភរបស់រដ្ឋ ដើម្បីផ្តល់មូលនិធិដល់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ដោយបានលួច និងលាងលុយសរុបជាង ៣ ពាន់លានដុល្លារ ដែលភាគច្រើនជារូបិយប័ណ្ណគ្រីបតូ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។
លោកគីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ ក្នុងជំនួបកាលពីឆ្នាំ២០១៩

តាមរយៈសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ KCNA លោក Kim Un Chol អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាមេរិក បានថ្កោលទោសទង្វើនេះថាជាការដាក់ទណ្ឌកម្មឯកតោភាគីលើកទី៥ ដែលធ្វើឡើងដោយរដ្ឋបាលអាមេរិកថ្មី តាំងពីចូលកាន់តំណែង។ លោក Kim បានបញ្ជាក់ថា «តាមរយៈទង្វើនេះ រដ្ឋបាលសហរដ្ឋអាមេរិកបានបង្ហាញយ៉ាងច្បាស់ពីជំហររបស់ខ្លួនថា នឹងបន្តធ្វើជាសត្រូវចំពោះកូរ៉េខាងជើងរហូតដល់ទីបញ្ចប់»។ លោកបានបន្ថែមទៀតថា វិធានការបែបនេះនឹងមិនអាចផ្លាស់ប្តូរទិសដៅគោលនយោបាយរបស់ទីក្រុងព្យុងយ៉ាងបានឡើយ។

ទណ្ឌកម្មនេះ ត្រូវបានប្រកាសឡើងភ្លាមៗ បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានបង្ហាញឆន្ទៈចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងដំណើរទស្សនកិច្ចនៅតំបន់អាស៊ីថ្មីៗនេះ។ ទោះជាយ៉ាងណា សំណើនេះមិនទាន់ទទួលបានការឆ្លើយតបណាមួយពីទីក្រុងព្យុងយ៉ាងនៅឡើយ។ គួររំលឹកថា លោក ត្រាំ និងលោក គីម ធ្លាប់បានរៀបចំកិច្ចប្រជុំកំពូលចំនួន ៣ លើក រួចមកហើយ ក្នុងអំឡុងអាណត្តិដំបូងរបស់លោក ត្រាំ។ ប៉ុន្តែកិច្ចពិភាក្សាទាំងនោះមិនបានទទួលជោគជ័យឡើយ ជុំវិញបញ្ហាបន្ធូរបន្ថយទណ្ឌកម្ម និងការរំសាយអាវុធនុយក្លេអ៊ែរ។

administrator

Related Articles