សហរដ្ឋអាមេរិក៖ យន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន UPS មួយគ្រឿង បានធ្លាក់ភ្លាមៗក្រោយហោះឡើងចេញពីអាកាសយានដ្ឋានអន្តរជាតិ Louisville រដ្ឋ Kentucky កាលពីថ្ងៃពុធ បណ្តាលឱ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ និងសម្លាប់មនុស្សយ៉ាងតិច ៧នាក់ ព្រមទាំងបន្សល់ទុកអ្នករងរបួសជាច្រើននាក់ទៀត។

រដ្ឋបាលអាកាសចរសហព័ន្ធអាមេរិក (FAA) បានបញ្ជាក់ថា យន្តហោះប្រភេទ McDonnell Douglas MD-11 នេះមានគោលដៅទៅកាន់រដ្ឋ Hawaii ហើយបានធ្លាក់នៅប្រហែលម៉ោង ៥:១៥ នាទីល្ងាច ម៉ោងក្នុងស្រុកអាមេរិក។ ជុំវិញសោកនាដកម្មដ៏រន្ធត់នេះ លោក Andy Beshear អភិបាលរដ្ឋ Kentucky បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា លោកមានការព្រួយបារម្ភ និងរំពឹងថា ចំនួនអ្នកស្លាប់ និងរបួសនឹងបន្តកើនឡើងបន្ថែមទៀត។
