កក្រើក! អាមេរិក​ស្នើ UN ដកទណ្ឌកម្ម​លើ​ស៊ីរី ត្រៀម​ទទួល​មេដឹកនាំ al-Sharaa ទៅ​សេតវិមាន​សប្ដាហ៍ក្រោយ!

កក្រើក! អាមេរិក​ស្នើ UN ដកទណ្ឌកម្ម​លើ​ស៊ីរី ត្រៀម​ទទួល​មេដឹកនាំ al-Sharaa ទៅ​សេតវិមាន​សប្ដាហ៍ក្រោយ!

សហរដ្ឋអាមេរិកបានស្នើ​ជា​ផ្លូវការ​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ (UN) ដើម្បី​ដក​ទណ្ឌកម្ម​ដែល​ដាក់​លើ​ប្រធានាធិបតី​ស៊ីរី លោក Ahmad al-Sharaa និង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​របស់​លោក​។ ការ​ស្នើ​នេះ​កើតឡើង​មុន​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ទៅកាន់​សេតវិមាន​នៅ​សប្តាហ៍​ក្រោយ​។ នេះ​បើ​តាម​សេចក្តី​ព្រាង​ដែល​សារព័ត៌មាន Associated Press ទទួល​បាន​កាលពី​ថ្ងៃ​ពុធ ទី​៥ ខែ​វិច្ឆិកា។

Donald Trump and Ahmad al-Sharaa
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​ព្រាង​ដែល​បាន​ចែកចាយ​ក្នុងចំណោម​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ បាន​អំពាវនាវ​ឲ្យ​លុបចោល​ទណ្ឌកម្ម​ជាច្រើន​ដែល UN បាន​ដាក់​លើ​លោក al-Sharaa និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក Anas Hasan Khattab។ មន្ត្រី​អាមេរិក​បាន​បញ្ជាក់​ថា គោលបំណង​នៃ​សកម្មភាព​នេះ​គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​សមាហរណកម្ម​ផ្នែក​ការទូត​អន្តរជាតិ​របស់​ស៊ីរី។

ក្រុម​អ្នកការទូត​បាន​ឲ្យ​ដឹង​ថា ក្រុមប្រឹក្សា​សន្តិសុខ​ដែល​មាន​សមាជិក​ទាំង​១៥ អាច​នឹង​បោះឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ទោះបីជា​យ៉ាងណា វិធានការ​នេះ​ត្រូវ​ការ​សំឡេង​យ៉ាងតិច​៩ និង​គ្មាន​ការ​វេតូ​ពី​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥ រួមមាន ចិន រុស្ស៊ី អង់គ្លេស បារាំង និង​សហរដ្ឋអាមេរិក ទើប​អាច​អនុម័ត​បាន​។

សំណើ​នេះ​កើតឡើង​នៅ​ពេល​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កំពុង​ត្រៀម​ទទួល​លោក al-Sharaa នៅ​ទីក្រុង​វ៉ាស៊ីនតោន នៅ​ថ្ងៃចន្ទ​សប្ដាហ៍​ក្រោយ។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​មេដឹកនាំ​ស៊ីរី​មកកាន់​សហរដ្ឋអាមេរិក ចាប់តាំងពី​ប្រទេស​ស៊ីរី​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៤៦។

ក្នុង​អំឡុង​ពេល​នៅ​ទីក្រុង​វ៉ាស៊ីនតោន ស៊ីរី​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចូលរួម​ជា​ផ្លូវការ​ជាមួយ​ក្រុម​ចម្រុះ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម។ សម្ព័ន្ធមិត្ត​ដែល​មាន​សមាជិក​៨០​នេះ​មាន​គោលបំណង​ទប់ស្កាត់​ការ​ងើបឡើង​វិញ​នៃ​ក្រុម​ជ្រុលនិយម។

ការ​ផ្លាស់ប្តូរ​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទូលំទូលាយ​របស់​លោក​ត្រាំ ក្នុង​ការ​កសាង​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​ទីក្រុង​ដាម៉ាស បន្ទាប់ពី​ការ​ដួលរលំ​របស់​អតីត​ប្រធានាធិបតី Bashar Assad ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង​កាលពី​ខែធ្នូ ក្រោយ​ការ​គ្រប់គ្រង​របស់​គ្រួសារ​លោក​អស់​រយៈពេល​៥​ទសវត្សរ៍។ លោក Al-Sharaa ដែល​ធ្លាប់​ដឹកនាំ​សម្ព័ន្ធ​ឧទ្ទាម​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​សង្គ្រាម បាន​ឡើងកាន់​អំណាច​បន្ទាប់ពី​លោក Assad ត្រូវ​បាន​ទម្លាក់។

ចាប់តាំងពី​ឡើងកាន់​តំណែង​មក លោក al-Sharaa បាន​ព្យាយាម​ស្តារ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិតខាង​អារ៉ាប់ និង​មហាអំណាច​លោកខាងលិច។ ទោះជា​យ៉ាងណា ក្តីបារម្ភ​នៅតែ​មាន​ចំពោះ​តួនាទី​អតីត​របស់​លោក​ក្នុង​ការ​ដឹកនាំ​ក្រុម Hayat Tahrir al-Sham ដែល​ជា​ក្រុម​សកម្មប្រយុទ្ធ​ដែល​ធ្លាប់​ត្រូវ​បាន​ទីក្រុង​វ៉ាស៊ីនតោន​ចាត់ទុកជា​អង្គការ​ភេរវកម្ម។

លោក​ត្រាំ​បាន​ជួប​លោក al-Sharaa នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ក្នុង​ខែឧសភា ហើយ​ក្រោយមក​បាន​ប្រកាស​ពី​ផែនការ​ដក​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ដែល​មាន​ជាយូរ​មក​លើ​ប្រទេស​ស៊ីរី។ ខណៈ​រដ្ឋបាល​បាន​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​មួយចំនួន​រួច​ហើយ វិធានការ​តឹងរ៉ឹង​បំផុត​ដែល​អនុម័ត​ដោយ​សភា​ក្នុង​ឆ្នាំ​២០១៩ នៅតែ​មាន ហើយ​នឹង​ត្រូវការ​ការ​អនុម័ត​ពី​នីតិប្បញ្ញត្តិ​ដើម្បី​លុបចោល។

សង្គ្រាមស៊ីវិល​នៅ​ស៊ីរី​ដែល​បាន​ផ្ទុះឡើង​ក្នុង​ឆ្នាំ​២០១១ បាន​បណ្តាល​ឲ្យ​មនុស្ស​ជិត​៥០​ម៉ឺន​នាក់​ស្លាប់ និង​រាប់​លាន​នាក់​ទៀត​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ។ មន្ត្រី​មនុស្សធម៌ UN ប៉ាន់ប្រមាណ​ថា ៩០% នៃ​ប្រជាជន​ស៊ីរី​រស់នៅ​ក្នុង​ភាពក្រីក្រ ដោយ​មាន​មនុស្ស​១៦,៥​លាន​នាក់​ត្រូវការ​ជំនួយ​មនុស្សធម៌ និង​ជិត​៣​លាន​នាក់​ប្រឈម​នឹង​អសន្តិសុខ​ស្បៀង​ធ្ងន់ធ្ងរ។ នេះ​បើ​តាម​តួលេខ​ដែល​បាន​បង្ហាញ​ទៅកាន់​ក្រុមប្រឹក្សា​សន្តិសុខ​កាលពី​ខែឧសភា។

ប្រសិនបើ​ត្រូវ​បាន​អនុម័ត ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​របស់ UN នឹង​បង្ហាញ​ពី​របកគំហើញ​ការទូត​ដ៏​សំខាន់​មួយ​សម្រាប់​រដ្ឋាភិបាល​លោក al-Sharaa និង​ជា​សញ្ញា​នៃ​ការ​ផ្លាស់ប្តូរ​គោលនយោបាយ​របស់​ទីក្រុង​វ៉ាស៊ីនតោន​ចំពោះ​ប្រទេស​ស៊ីរី​ក្រោយ​សង្គ្រាម។
ដោយ៖ ឈាង

administrator

Related Articles