ប៊ុលហ្គារី ៖ លោកបណ្ឌិត ជា ច័ន្ទបរិបូណ៌ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានបោះជំហានប្រវត្តិសាស្ត្រ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបានក្លាយជាសាស្ត្រាចារ្យកម្ពុជាដំបូងបង្អស់ ដែលត្រូវបានសាកលវិទ្យាល័យ Sofia ដែលជាគ្រឹះស្ថានអប់រំដ៏ល្បីល្បាញបំផុតមួយក្នុងប្រទេសប៊ុលហ្គារី អញ្ជើញឱ្យធ្វើបទឧទ្ទេសនាមជាផ្លូវការ។
ថ្នាក់ដឹកនាំសាកលវិទ្យាល័យ Sofia បានផ្ដល់កិត្តិយសអញ្ជើញឯកឧត្តមបណ្ឌិត បង្ហាញជូនដល់និស្សិតនៃមហាវិទ្យាល័យប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ អំពីប្រវត្តិសាស្ត្រ និងការវិវឌ្ឍន៍នយោបាយដ៏ស្មុគស្មាញរបស់កម្ពុជា តាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន។

ឯកឧត្តមបានគូសបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ ពោលគឺវាជាលើកដំបូងបំផុត ដែលសាកលវិទ្យាល័យ Sofia បានអញ្ជើញសាស្ត្រាចារ្យកម្ពុជាម្នាក់ មកធ្វើបទបង្ហាញផ្លូវការ និងចែករំលែកនូវចំណេះដឹងដ៏ស៊ីជម្រៅអំពីប្រទេសកម្ពុជា ដល់បណ្ដាអ្នកសិក្សាជនបរទេស។ ក្នុងកិច្ចបង្ហាញដ៏ផុសផុលនេះ ឯកឧត្តមបានប្រើប្រាស់ស្លាយចំនួន ១៥៣ និងវីដេអូឯកសារ ៤ ផ្ទាំង ដើម្បីរៀបរាប់យ៉ាងក្បោះក្បាយពីប្រវត្តិសាស្រ្តកម្ពុជា តាំងពីសម័យអង្គរដ៏រុងរឿង រហូតដល់បច្ចុប្បន្ន។

🏛️ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗដែលត្រូវបានលើកយកជាឧទាហរណ៍
ក្នុងចំណោមខ្លឹមសារដ៏ទូលំទូលាយ ឯកឧត្តមបណ្ឌិតបានលើកយកឧទាហរណ៍ជាច្រើន ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ជួរមុខរបស់កម្ពុជា ដូចជា៖
• ការទាមទារឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ ដែលជាជោគជ័យដ៏ត្រចះត្រចង់ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ធ្វើឱ្យកម្ពុជាទទួលបានឯករាជ្យពេញលេញ ក្រោយការត្រួតត្រាអាណានិគមអស់ជាច្រើនទសវត្សរ៍។

• ទោះជាយ៉ាងណា ក្រោយមកកម្ពុជាបានធ្លាក់ចូលក្នុងភាពវឹកវរនយោបាយ ដោយមានរដ្ឋប្រហារឆ្នាំ១៩៧០ ដែលបណ្ដាលឱ្យព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ត្រូវបាត់បង់ព្រះរាជអំណាច ហើយកម្ពុជាបានផ្លាស់ប្ដូរពីរបបរាជានិយមទៅជាសាធារណរដ្ឋខ្មែរ ក្រោមការដឹកនាំរបស់លោក លន់ នល់។
• សង្គ្រាមស៊ីវិលបានឆាបឆេះពាសពេញផ្ទៃប្រទេស រហូតដល់ឆ្នាំ១៩៧៥ កម្ពុជាបានធ្លាក់ចូលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយប៉ុល ពត ដែលជាសម័យកាលប្រល័យពូជសាសន៍ដ៏ឃោរឃៅបំផុត។ ប្រជាជនកម្ពុជាជាង ៣ លាននាក់ ត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃ។ នេះជាទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ដែលប្រជាជាតិកម្ពុជាមិនអាចបំភ្លេចបានឡើយ។

• ក្នុងស្ថានការណ៍ដ៏អាប់អួរនោះ សម្តេចតេជោ ហ៊ុន សែន បានប្ដេជ្ញាចាកចេញពីប្រទេស ដោយហ៊ានប្រថុយជីវិត ដើម្បីស្វែងរកកម្លាំងគាំទ្រពីប្រទេសវៀតណាម ក្នុងការរៀបចំកងកម្លាំងសង្គ្រោះជាតិ។ ក្នុងពេលបង្ហាញ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូណ៌ ក៏បានចាក់បញ្ចាំងវីដេអូឯកសារស្ដីពីដំណើរឆ្ពោះទៅរំដោះជាតិរបស់សម្តេចតេជោផងដែរ។
• ការរំដោះប្រទេសកម្ពុជាបានកើតមានឡើងនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃបញ្ចប់របបប្រល័យពូជសាសន៍ និងបានបើកទំព័រថ្មីឱ្យកម្ពុជាចាប់ផ្ដើមស្ថាបនាប្រទេសឡើងវិញពីបាតដៃទទេ ក្នុងស្ថានភាពលំបាកបំផុត។
🕊️ ដំណើរឆ្ពោះទៅរកសន្តិភាព និងការកសាងជាតិ
ឯកឧត្តមបានពន្យល់ថា ទស្សនវិជ្ជាដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺផ្អែកលើជំនឿយ៉ាងមុតមាំថា «សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ»។ ដោយយល់ឃើញដូច្នេះ សម្ដេចតេជោ បានសម្រេចចិត្តបោះដៃទៅរកព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ដើម្បីចរចារស្វែងរកដំណោះស្រាយសន្តិភាពជូនជាតិ។

ការចរចាដ៏ស្មុគស្មាញនោះបានប្រព្រឹត្តទៅតាំងពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ១៩៩១ ដោយមានជំនួបជាបន្តបន្ទាប់ ទើបនាំឱ្យកម្ពុជាសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅឆ្នាំ១៩៩១។ ក្រោយមក កម្ពុជាបានបង្កើតសភាធម្មនុញ្ញ រៀបចំរដ្ឋធម្មនុញ្ញថ្មី និងដាក់ចេញច្បាប់ដាក់ខ្មែរក្រហមនៅក្រៅច្បាប់។ ក្នុងអំឡុងពេលនោះ សម្តេចតេជោ ក៏ធ្លាប់បានជួបប្រទះការប៉ុនប៉ងធ្វើឃាតជាច្រើនលើក ដូចជាព្រឹត្តិការណ៍នៅខេត្តសៀមរាប ប៉ុន្តែការប៉ុនប៉ងទាំងនោះសុទ្ធតែបរាជ័យ។ ចំណែកមេដឹកនាំកំពូលៗនៃរបបកម្ពុជាប្រជាធិបតេយ្យ ក៏បានយល់ព្រមចុះចូលជាមួយសម្ដេចតេជោ ក្រោមនយោបាយ «ឈ្នះ-ឈ្នះ» ដែលជាគន្លឹះដ៏សំខាន់នាំមកនូវសន្តិភាពពេញលេញនៅកម្ពុជា។
🌏 ការបង្រួបបង្រួមជាតិ និងសន្ទុះនៃការអភិវឌ្ឍន៍
ឯកឧត្តមបណ្ឌិតបានបន្ថែមថា ក្រោយពេលសង្គ្រាមជាតិបានបញ្ចប់ទាំងស្រុងនៅឆ្នាំ១៩៩៩ កម្ពុជាបានឈានចូលដំណាក់កាលបង្រួបបង្រួមជាតិ និងស្ថាបនាមុខមាត់សេដ្ឋកិច្ចឡើងវិញ។ ក្នុងរយៈពេលតែពីរឆ្នាំ កម្ពុជាបានបង្ហាញសន្ទុះសេដ្ឋកិច្ចដ៏អស្ចារ្យ ជាមួយនឹងកំណើនជាមធ្យមជាង ៧% ក្នុងមួយឆ្នាំ ដែលរក្សាបានជាប់លាប់អស់រយៈពេលជាងពីរទសវត្សរ៍ រហូតដល់ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅឆ្នាំ២០២០។ សន្ទុះនៃការអភិវឌ្ឍន៍ដ៏គួរឱ្យកត់សម្គាល់នេះ បានផ្លាស់ប្ដូរមុខមាត់ប្រទេសកម្ពុជាលើគ្រប់វិស័យ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច សង្គម អប់រំ និងសុខាភិបាល។ កម្ពុជាបានប្រែក្លាយជាប្រទេសមួយដែលមានសន្តិភាព ស្ថិរភាពនយោបាយ និងជាប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានសក្ដានុពលអភិវឌ្ឍលឿនបំផុត។
🌐 កម្ពុជាលើឆាកអន្តរជាតិ
ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងអង្គការ និងសមាគមអន្តរជាតិជាច្រើន ដូចជា អាស៊ាន (ASEAN) អង្គការសហប្រជាជាតិ (UN) និងបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្ត ដើម្បីលើកកម្ពស់កិត្យានុភាព និងសមត្ថភាពរបស់ប្រទេសលើឆាកអន្តរជាតិ។
ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូណ៌ បានបញ្ចប់បទបង្ហាញរបស់ខ្លួនដោយលើកទឹកចិត្តយ៉ាងទទូចឱ្យនិស្សិតទាំងអស់ ខិតខំសិក្សា ស្រាវជ្រាវ និងយល់ដឹងឱ្យបានស៊ីជម្រៅអំពីប្រវត្តិសាស្ត្រជាតិ ព្រោះ «ប្រវត្តិសាស្ត្រ គឺជាអត្ថាធិប្បាយនៃអនាគត»។
ប្រធានបទសំខាន់ៗដែលបានលើកយកមកបង្ហាញ រួមមាន៖
1. តើអ្នកស្គាល់ព្រះរាជាណាចក្រកម្ពុជាដែរឬទេ?
2. ដំណើរជាតិកម្ពុជា ១៥ សម័យកាល
គួររំលឹកថា ប្រធានបទ «ដំណើរជាតិកម្ពុជា» នេះ គឺជាផ្នែកមួយដ៏សំខាន់នៃនិក្ខេបបទបណ្ឌិតសេដ្ឋកិច្ចនយោបាយរបស់ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូណ៌ ដែលមានកម្រាស់រហូតដល់ ១៨០០ ទំព័រ ពោរពេញដោយព័ត៌មានប្រវត្តិសាស្ត្រ និងការវិវត្តន៍នយោបាយកម្ពុជាយ៉ាងក្បោះក្បាយ តាំងពីសម័យអង្គររហូតដល់សម័យសន្តិភាពបច្ចុប្បន្ន។ ✍️និពន្ធដោយ៖ លោកបណ្ឌិត ជា ច័ន្ទបរិបូណ៌
