អាមេរិកទទូច! តៃវ៉ាន់ត្រូវតែចូលរួម APEC ឆ្នាំ២០២៦ ដោយពេញលេញ និងស្មើភាព បើចិនធ្វើជាម្ចាស់ផ្ទះ!

អាមេរិកទទូច! តៃវ៉ាន់ត្រូវតែចូលរួម APEC ឆ្នាំ២០២៦ ដោយពេញលេញ និងស្មើភាព បើចិនធ្វើជាម្ចាស់ផ្ទះ!

អាមេរិកបានប្រកាសយ៉ាងដាច់អហង្ការថា តៃវ៉ាន់ត្រូវតែទទួលបានសិទ្ធិចូលរួមពេញលេញ និងដោយស្មើភាព នៅក្នុងកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៦ ដែលនឹងប្រារព្ធធ្វើនៅទីក្រុង Shenzhen ប្រទេសចិន។ ការលើកឡើងនេះកើតឡើងបន្ទាប់ពីតៃប៉ិបានសម្តែងការមិនពេញចិត្តចំពោះលក្ខខណ្ឌរឹតបន្តឹងជាច្រើន ដែលទីក្រុងប៉េកាំងបានដាក់សម្រាប់ការចូលរួមរបស់ខ្លួន។

(រូបថត៖ Reuters) ថ្លែងនៅថ្ងៃទី៥ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានសង្កត់ធ្ងន់ថា វ៉ាស៊ីនតោន«ទទូចឲ្យមានការចូលរួមពេញលេញ និងស្មើភាពពីរដ្ឋសេដ្ឋកិច្ចជាសមាជិក APEC ទាំងអស់ រួមទាំងតៃវ៉ាន់ ដែលត្រូវបានគេស្គាល់ថាជា ចិនតៃប៉ិ – ស្របតាមគោលការណ៍ណែនាំ ច្បាប់ និងការអនុវត្តដែលបានបង្កើតឡើងរបស់ APEC»។

សេចក្តីថ្លែងការណ៍របស់អាមេរិកនេះ គឺធ្វើឡើងក្រោយរដ្ឋាភិបាលតៃវ៉ាន់បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានបន្ថែម «លក្ខខណ្ឌជាច្រើន» សម្រាប់គណៈប្រតិភូរបស់ខ្លួនក្នុងការចូលរួមកិច្ចប្រជុំឆ្នាំ២០២៦។

ផ្ទុយទៅវិញ ក្រសួងការបរទេសចិនបានបញ្ជាក់ថា ការចូលរួមរបស់តៃវ៉ាន់ត្រូវតែគោរពតាមគោលការណ៍ «ចិនតែមួយ» ដែលចាត់ទុកកោះនេះជាផ្នែកមួយនៃសាធារណរដ្ឋប្រជាមានិតចិន ជាជំហរដែលតៃប៉ិបានបដិសេធយ៉ាងដាច់អហង្ការ។

អាមេរិកបានសង្កត់ធ្ងន់ថា សមាជិក APEC ទាំងអស់ដែលបានឯកភាពគ្នាជាឯកច្ឆន្ទនៅឆ្នាំ២០២៤ សម្រាប់ការធ្វើជាម្ចាស់ផ្ទះរបស់ចិន បានប្តេជ្ញាធានាថា រដ្ឋសេដ្ឋកិច្ចជាសមាជិកទាំងអស់អាចចូលរួម «ដោយភាពស្មើគ្នា»។ វ៉ាស៊ីនតោនក៏បានបន្ថែមថា ខ្លួននឹងបន្តដាក់សម្ពាធលើទីក្រុងប៉េកាំង សម្រាប់ «ការរៀបចំសន្តិសុខ និងពិធីសារដែលការពារអ្នកចូលរួមទាំងអស់»។

តៃវ៉ាន់បានចូលរួម APEC ក្រោមឈ្មោះ «ចិនតៃប៉ិ» ហើយជាធម្មតាមិនបញ្ជូនប្រធានាធិបតីរបស់ខ្លួនទៅកិច្ចប្រជុំកំពូលឡើយ ដើម្បីចៀសវាងជម្លោះនយោបាយ។ រដ្ឋាភិបាលតៃវ៉ាន់អះអាងថា ចិនគ្មានសិទ្ធិតំណាងឲ្យតៃវ៉ាន់នៅលើឆាកអន្តរជាតិឡើយ ទោះបីជាគ្មានសមាជិក APEC ណាមួយមានទំនាក់ទំនងការទូតជាផ្លូវការជាមួយទីក្រុងតៃប៉ិក៏ដោយ។

ប្រទេសចិនបានធ្វើជាម្ចាស់ផ្ទះ APEC ចុងក្រោយនៅឆ្នាំ២០១៤ ក្នុងអំឡុងពេលដែលទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់មានភាពកក់ក្តៅជាងមុន ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Ma Ying-jeou។ គួររំលឹកផងដែរថា នៅឆ្នាំ២០០១ តៃវ៉ាន់ក៏ធ្លាប់បានធ្វើពហិការមិនចូលរួមកិច្ចប្រជុំកំពូល APEC នៅទីក្រុងសៀងហៃម្តងរួចមកហើយ ដោយសារការខ្វែងគំនិតគ្នាជុំវិញបញ្ហាតំណាងរបស់ខ្លួន។

ដោយ៖ ក្រុមការងារព័ត៌មាន

administrator

Related Articles