ភ្នំពេញ៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានប្រកាសយ៉ាងមុតមាំថា «ផ្លូវថ្នល់ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ត្រូវតែស្អាតជានិច្ច» ខណៈដែលលោកបានដឹកនាំកម្លាំង ចុះដាក់គ្រឿងចក្រឈូសឆាយដី និងរថយន្តបាញ់លាងសម្អាតផ្លូវ តាមបណ្ដោយកំណាត់ផ្លូវជាតិលេខ៥ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានគូសបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពទាំងអស់នេះ គឺក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន ក៏ដូចជាសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ឲ្យកាន់តែមានភាពល្អប្រសើរឡើង។


លោកអភិបាលបានបន្ថែមថា រដ្ឋបាលខណ្ឌឫស្សីកែវ តែងតែយកចិត្តទុកដាក់ខ្ពស់ ចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្អាតផ្លូវថ្នល់ជាប្រចាំ។ ជាក់ស្ដែង ក្រៅពីការសម្អាតផ្លូវ ខណ្ឌក៏កំពុងរៀបចំបន្ថែមរថយន្តអន្តរាគមន៍ពន្លត់អគ្គិភ័យ និងរថយន្តបាញ់លាងផ្លូវថ្នល់ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើង ក៏ដូចជាបន្តចុះលាងសម្អាតផ្លូវក្នុងមូលដ្ឋានឲ្យបានជាប់លាប់ ធ្វើយ៉ាងណាឲ្យផ្លូវថ្នល់ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ប្រែក្លាយជាទីក្រុងស្អាត សមជាទីក្រុងមួយគួរជាទីគាប់ចិត្ត។






ដោយ៖ តារា
