ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញក្រុមហ៊ុន Motorola ពិចារណាបើករោងចក្រនៅកម្ពុជា ដើម្បីពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់សកល

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញក្រុមហ៊ុន Motorola ពិចារណាបើករោងចក្រនៅកម្ពុជា ដើម្បីពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់សកល

វ៉ាស៊ីងតុន ឌីស៊ី៖ នៅព្រឹកថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាថ្ងៃបញ្ចប់នៃបេសកកម្មជំរុញវិនិយោគនៅសហរដ្ឋអាម៉េរិក ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា រួមមានថ្នាក់ដឹកនាំមកពី CDC ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក និងម៉ិកស៊ិកូ ព្រមទាំងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលជួបពិភាក្សាការងារជាមួយលោក Hallie Offen ប្រធានផ្នែកកិច្ចការងាររដ្ឋាភិបាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងពាណិជ្ជកម្មអន្តរជាតិ របស់ក្រុមហ៊ុន Motorola Inc.។ ក្រុមហ៊ុន Motorola ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដ៏មានឥទ្ធិពល និងមានបទពិសោធន៍យូរអង្វែងក្នុងប្រវត្តិសាស្ត្រនៃវិស័យបច្ចេកវិទ្យា និងគមនាគមន៍លើពិភពលោក។

ជំនួបដ៏សំខាន់នេះ មានគោលបំណងស្វែងរកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍបច្ចេកវិទ្យាទំនាក់ទំនង សន្តិសុខសាធារណៈ និងទាក់ទាញរោងចក្រផលិតគ្រឿងបង្គុំអេឡិចត្រូនិចមកកាន់កម្ពុជា។ ក្នុងកិច្ចពិភាក្សាដ៏ផុសផុល ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីលក្ខខណ្ឌអំណោយផល និងការលើកទឹកចិត្តពន្ធដារដ៏ខ្ពស់ក្រោមច្បាប់វិនិយោគថ្មីរបស់កម្ពុជា សម្រាប់ក្រុមហ៊ុននានាដែលបោះទុនលើការផលិតគ្រឿងបង្គុំទូរគមនាគមន៍ ឬឧបករណ៍អេឡិចត្រូនិក។

ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានស្នើដល់ក្រុមហ៊ុន Motorola ឱ្យពិចារណា និងសិក្សាពីលទ្ធភាពនៃការបង្កើតរោងចក្រនៅកម្ពុជា ដែលមិនត្រឹមតែជួយពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់សកលរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារជំនាញបន្ថែមសម្រាប់ប្រជាពលរដ្ឋកម្ពុជាទៀតផង។

ជាការឆ្លើយតប លោកប្រធានក្រុមហ៊ុនបានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបរិយាកាសវិនិយោគថ្មីនៅកម្ពុជា និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនង។ ក្រុមហ៊ុន Motorola ក៏បានបង្ហាញពីបំណងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីវាយតម្លៃពីលទ្ធភាពក្នុងការពង្រីកវត្តមានអាជីវកម្មនៅកម្ពុជា ទាំងតាមរយៈការវិនិយោគផ្ទាល់ និងការផ្តល់ដំណោះស្រាយបច្ចេកវិទ្យាសម្រាប់រដ្ឋាភិបាល និងវិស័យឯកជន។ ជំនួបនេះពិតជាបានក្លាយជាជំហានដ៏សំខាន់មួយក្នុងការទាក់ទាញការវិនិយោគលើវិស័យបច្ចេកវិទ្យាទំនាក់ទំនង ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់កម្ពុជា។

ដោយ៖តារា

administrator

Related Articles