ទីក្រុងឡុងដ៍៖ ក្រសួងទេសចរណ៍កម្ពុជា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) ទៅចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) ដ៏ធំនៅទីក្រុងឡុងដ៍។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជួបប្រជុំពិភាក្សាការងារជាមួយលោក Tom Hall អនុប្រធានក្រុមហ៊ុន Lonely Planet ដែលជាសៀវភៅមគ្គុទេសក៍ទេសចរណ៍ល្បីល្បាញលើពិភពលោក កាលពីថ្ងៃទី៤ ខែវិច្ឆិកា កន្លងទៅ។ ជំនួបនេះបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាឲ្យកាន់តែទូលំទូលាយទៅកាន់ពិភពលោក។


ឆ្លៀតក្នុងឱកាសដ៏សំខាន់នោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Lonely Planet ដែលបានផ្តល់ចំណាត់ថ្នាក់ដ៏ខ្ពង់ខ្ពស់ដល់ទីក្រុងសៀមរាប ជាគោលដៅទេសចរណ៍ដ៏ល្អមួយដែលភ្ញៀវទេសចរមិនអាចរំលងបាន ហើយត្រូវតែមកទស្សនាក្នុងឆ្នាំ២០២៥ នេះ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការអញ្ជើញដោយផ្ទាល់ដល់លោក Tom Hall និងសហការី ឲ្យមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលឆាប់ៗខាងមុខ ដើម្បីបានឃើញផ្ទាល់នឹងភ្នែកនូវសម្រស់ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់កម្ពុជា និងដើម្បីជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់យើងឲ្យកាន់តែល្បីរន្ទឺដល់ប្រជាជនអង់គ្លេស ក៏ដូចជាបណ្តាប្រទេសនានាទូទាំងពិភពលោក។

