ខេត្តបាត់ដំបង៖ រថយន្តម៉ាកធុនដ្រា ពាក់ផ្លាកលេខ ភ្នំពេញ 2AP-9957 មួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ព្រះចៅអធិការវត្តអូរដា ព្រះនាមជុំ ប៊ុនណាត ព្រះជន្ម៣៥ព្រះវស្សា បានរងការឆាបឆេះខ្ទេចទាំងស្រុង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្តអូរដា ស្ថិតក្នុងភូមិអូរគគីរ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
ហេតុការណ៍អគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជាក់ថា បណ្ដាលមកពីឆ្លងប្រព័ន្ធភ្លើងនៅក្នុងរថយន្តតែម្ដង។ ក្នុងករណីនេះ មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ តែបានបំផ្លាញរថយន្តទាំងស្រុង រួមទាំងអត្តសញ្ញាណប័ណ្ណ ឯកសាររថយន្ត០១ច្បាប់ និងប្រាក់ប្រមាណ ៥០០ដុល្លារផងដែរ។
ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះទៅដល់កន្លែងកើតហេតុ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ដើម្បីគ្រប់គ្រងស្ថានការណ៍ និងពន្លត់អគ្គិភ័យទាំងស្រុងបានទាន់ពេលវេលា។

