ថៃប្រកាសដោះលែងយោធាកម្ពុជា១៨រូប ក្រោយឃុំខ្លួន១០៦ថ្ងៃ នៅថ្ងៃទី១២ វិច្ឆិកា ២០២៥!

ថៃប្រកាសដោះលែងយោធាកម្ពុជា១៨រូប ក្រោយឃុំខ្លួន១០៦ថ្ងៃ នៅថ្ងៃទី១២ វិច្ឆិកា ២០២៥!

ប្រភពពីកងយោធពលភូមិន្ទថៃ បានអះអាង និងត្រូវបានសារព័ត៌មានថៃចុះផ្សាយយ៉ាងទូលំទូលាយថា ភាគីថៃនឹងដោះលែងយោធាកម្ពុជាទាំង១៨រូប នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ តាមច្រកព្រំដែនអន្តរជាតិព្រំ ក្នុងខេត្តប៉ៃលិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើគ្មានការប្រែប្រួលណាមួយកើតឡើងទេ គឺមានរយៈពេលសរុប ១០៦ថ្ងៃ ចាប់តាំងពីថ្ងៃចាប់ខ្លួន រហូតដល់ថ្ងៃដោះលែងយោធាកម្ពុជាទាំង១៨រូប នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដូចការផ្សព្វផ្សាយរបស់យោធាថៃកាលពីថ្ងៃទី៦ ខែវិច្ឆិកា។ គួររំលឹកថា កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ក្រោយបទឈប់បាញ់ប្រកាសចូលជាធរមានបានប៉ុន្មានម៉ោង ទាហានកម្ពុជាចំនួន២០រូប ត្រូវបានទាហានថៃចាប់ខ្លួន នៅច្រកអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួមទាំងនៅព្រឹកថ្ងៃទី២៩ កក្កដា ពេលកំពុងអនុវត្តបទឈប់បាញ់ផងដែរ។

ក្រោយការចាប់ខ្លួនយោធាទាំង២០រូបនេះ នៅថ្ងៃទី៤ ខែសីហា ភាគីថៃបានដោះលែងយោធាកម្ពុជា២រូបវិញ ដោយមានអាការៈខុសប្រក្រតី គឺធ្លាក់ខ្លួនពិការ និងវង្វេងស្មារតី ដែលទង្វើនេះបានបង្កឱ្យមានការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ចំពោះទង្វើរបស់យោធាថៃ។

ព័ត៌មានស្តីពីការដោះលែងយោធាកម្ពុជាទាំង១៨រូប នៅថ្ងៃទី១២ ខែវិច្ឆិកា ត្រូវបានសារព័ត៌មានថៃ Khaosod (ជាភាសាអង់គ្លេស) បញ្ជាក់ថា យោធាថៃគ្រោងនឹងប្រគល់យោធាកម្ពុជាទាំង១៨រូបត្រឡប់មកវិញ នៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការដោះលែងនេះនឹងធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិ Ban Phak Kat ក្នុងខេត្តចាន់បូរី ភាគីខាងថៃ ដែលប្រឈមមុខនឹងច្រកព្រំដែនអន្តរជាតិព្រំ ក្នុងខេត្តប៉ៃលិន ប្រទេសកម្ពុជា។ ជាមួយគ្នានេះ សារព័ត៌មានថៃ The Nation ក៏បានចុះផ្សាយព័ត៌មានស្រដៀងគ្នានេះដែរ អំពីការដោះលែងយោធាកម្ពុជាទាំង១៨រូប នៅថ្ងៃទី១២ ខែវិច្ឆិកា។

ការដោះលែងយោធាខ្មែរទាំង១៨រូបនេះ គឺស្ថិតនៅក្នុងចំណោមលក្ខខណ្ឌមួយ ដែលបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងចំណុចទី៥ នៃសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដោយមានការធ្វើជាសាក្សីពីប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។

ប្រសិនបើគ្មានការប្រែប្រួល ឬលេសថ្មីៗ ដែលភាគីថៃតែងប្រើដើម្បីពន្យាពេលដោះលែងយោធាកម្ពុជាទេនោះ វីរកងទ័ពកម្ពុជាទាំង១៨រូបនឹងត្រូវឃុំខ្លួនដោយយោធាថៃអស់រយៈពេល ១០៦ថ្ងៃ។ កន្លងមក ភាគីកម្ពុជាគ្រប់លំដាប់ថ្នាក់បានធ្វើអន្តរាគមន៍ជាច្រើន រួមទាំងតាមមធ្យោបាយការទូត តាមរយៈអង្គការអន្តរជាតិ និងបណ្ដាប្រទេសជាមិត្ត ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពកម្ពុជាត្រឡប់មកវិញឱ្យបានឆាប់រហ័សបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕

administrator

Related Articles